ព្រៃវែង ៖ ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយកម្មករ កម្មការិនី ជាង ២ ៣០០នាក់ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវសារៈសំខាន់ នៃកិច្ចការពារសុខសន្តិភាព ដែលប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស រួមទាំងបងប្អូនកម្មករ កម្មការិនី ត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សា ដ្បិតសន្តិភាព បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន ក្នុងនោះក៏បង្កលក្ខណៈឱ្យអ្នកវិនិយោគ មកបណ្តាក់ទុន បង្កើតរោងចក្រ សហគ្រាស ដូចដែលបងប្អូនកំពុងបំពេញ ការងារក្នុងរោងចក្រ នៅស្រុកកំចាយមារ នេះស្រាប់។

ភ្ជាប់នឹងការអបអរសាទរ ទិវាពលកម្មអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុករោងចក្រ ដែលមាននៅក្នុង មូលដ្ឋានស្រុកកំចាយមារនេះថា ក៏មិនខុសពីរោងចក្រតាមបណ្តាមូលដ្ឋានផ្សេងៗទូទាំងប្រទេសដែរ គឺអាចដំណើរការទៅបានអាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព និងមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេស ប្រភពទីផ្សារសម្រាប់ការនាំចេញលទ្ធផលពីរោងចក្រនេះយកទៅលក់។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តបងប្អូនកម្មករ កម្មការិនី ខិតខំបំពេញការងារឱ្យបានសកម្ម គោរពតាមលក្ខខណ្ឌ នៃការអនុវត្តការងារស្របទៅតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមថែរក្សារាល់សម្ភារៈ និងរាល់មធ្យោបាយបម្រើឱ្យការងារក្នុងរោងចក្រ ក្នុងន័យចាត់ទុករោងចក្រ ប្រៀបបាននឹងផ្ទះបាយ ឬឆ្នាំងបាយរបស់ខ្លួន ពោលគឺកម្មករ និងថៅកែ ត្រូវពឹងអាស្រ័យដល់គ្នាទៅវិញទៅមក។

ខណៈបងប្អូនកម្មករ កម្មការិនី ជាអង្គពិធី ភាគច្រើនមានមូលដ្ឋាននៅជុំវិញតំបន់រោងចក្រនេះស្រាប់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកទឹកចិត្តដូចគ្នា ឱ្យបងប្អូនកម្មករ កម្មការិនី ទាំងអស់ នៅពេលវិលត្រឡប់ទៅផ្ទះវិញ ឬសម្រាប់ការ ធ្វើដំណើរ តាមផ្លូវ ទៅមកធ្វើការ សូមបើកបរដោយការគោរពច្បាប់ មានមួកសុវត្ថិភាពពាក់ជាប្រចាំ ចូលរួមប្រព្រឹត្ត នូវសកម្មភាពល្អៗក្នុងសង្គម ទប់ស្កាត់ក្មេងទំនើង និង សហការជាមួយអាជ្ញាធរ អនុវត្តគោល នយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីបង្កើត ភាពសុខដុម និងការអភិវឌ្ឍក្នុងមូលដ្ឋាន។ លោក សង្កត់ធ្ងន់ថា សកម្មភាពរួមចំណែក ធ្វើអំពើល្អម្នាក់បន្តិចៗ របស់ប្រជាពលរដ្ឋជារួម និងក្នុងនោះ ក៏មានបងប្អូនកម្មករ កម្មការិនីដែរនោះ គឺជាការបញ្ជាក់ អំពីភាពសុខសាន្តជារួម និងលទ្ធផលដ៏ល្អ នៃការប្រព្រឹត្តទៅ របស់សង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងមូល៕

