ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីចុះអនុស្សរណៈ រវាងក្រសួងបរិស្ថាន និរដ្ឋបាលខេត្តកណ្តាល ស្តីពីការទប់ស្កាត់ និងកាត់បន្ថយការបំពុល តំបន់ទឹកសាធារណៈ នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ បានណែនាំឱ្យលោកប្រធានមន្ទីរ បរិស្ថានទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ ឱ្យបានម៉ឹងម៉ាត់ ដើម្បីការទប់ស្កាត់និងប្រឆាំង បទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ ការពារធម្មជាតិ ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ជំរុញឱ្យលោកប្រធានមន្ទីរបរិស្ថានទាំងអស់ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព ដោយអនុវត្តចំណាត់ការមួយចំនួន រួមមាន៖
១-ត្រូវយករបាយការណ៍មន្រ្តីឧទ្យានុរក្ស ដែលបានចុះល្បាតបំពេញភារកិច្ច និងតួនាទីអនុវត្តច្បាប់នៅ តាមតំបន់ការពារធម្មជាតិមកពិនិត្យ

២-ធ្វើការពិនិត្យលើផែនទីផ្កាយរណប ដែលក្រសួងបរិស្ថានបានផ្តល់ជូន ថែមទាំងធ្វើការបង្ហោះដ្រូន ដើម្បីធ្វើការពិនិត្យលើស្ថានភាពជាក់ស្តែង នៃតំបន់ការពារធម្មជាតិ
និងទី៣-ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើការ ផ្សព្វផ្សាយព័ត៌មាន របស់សារព័ត៌មាន ដែលបានចុះផ្សាយក្នុងតំបន់ ការពារធម្មជាតិនៅតាមភូមិសាស្រ្តនៃខេត្តរបស់ខ្លួន។

បន្ទាប់មកត្រូវប្រមូលយកឯកសារ និងព័ត៌មានទាំងអស់មកពិនិត្យ ស្រាវជ្រាវ ធ្វើការឆ្លើយតប គោរពក្រមវិជ្ជាជីវៈ និងចាត់វិធានការ ឱ្យស្របតាមបទដ្ឋាន បច្ចេកទេស និងអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
ក្នុងឱកាសនេះដែរ លោក រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរំលឹកជាថ្មីអំពីការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ រួមមាន៖ ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្ត បទល្មើសធនធានធម្មជាតិ, ពង្រឹងកិច្ចសហការ ជាមួយគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្ត នោះគឺអាជ្ញាធរមូលដ្ឋាន ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ធ្វើការទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងសហការជាមួយ អង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន៕



