ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ និង អ.ដ.ក ចុះMOU ៧ចំណុច សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងឆាប់រហ័ស នៃការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្រេចចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ លើ៧ចំណុច សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា ។

ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ ។

យោងតាមលោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នា ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សំដៅរួមគ្នា លើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា ។

ផ្អែកតាមអនុស្សារណៈនៃការយោគយល់គ្នានេះ អដក និងរដ្ឋបាលរាជធានីភ្នំពេញ និងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្នុងនោះរួមមាន៖ ១.ក្នុងករណីមានការដាក់ពាក្យស្នើសុំ ពីរដ្ឋបាលរាជធានីភ្នំពេញ អដក នឹងរៀបចំចេញជាកំណត់ហេតុ ព្រមព្រៀងបញ្ចប់វិវាទ ក្នុងក្របខណ្ឌនៃ អដក ចំពោះសំណុំរឿងវិវាទទាំងឡាយណា ដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ច នៃការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីខេត្ត ។ ២.រដ្ឋបាលរាជធានីភ្នំពេញ អាចបញ្ជូនសំណុំរឿងវិវាទដែលទទួលបាន ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដាក់ជូន អដក ពិនិត្យ និងដោះស្រាយនៅ អដក ។ ៣.រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់កិច្ចសហការ ជូនដល់ អដក ក្នុងការចុះមកដោះស្រាយវិវាទដែលកើតមាន ក្នុងមូលដ្ឋានរបស់ខ្លួន ។

៤.រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់កិច្ចសហការ ក្នុងការផ្តល់នូវទិន្ន័យ ពាក់ព័ន្ធនឹងការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ជូន អដក ដើម្បី អដក មានមូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវក្នុងការៀបចំ ជាគោលនយោបាយ និងផែនការយុត្តិសាស្ត្រ ដាក់ជូនរាជរដ្ឋាភិបាល ។ ៥. រួមសហការគ្នា ក្នុងការពង្រឹង និងលើកកម្ពស់ ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលារឱ្យបានទូលំទូលាយ ។ ៦. រួមសហការគ្នាក្នុងការៀបចំកិច្ចប្រជុំ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល ឬព្រឹត្តិការណ៍នានា ទាក់ទងនឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ។ និង៧. អនុវត្តសកម្មភាពចាំបាច់ផ្សេងទៀត តាមការព្រមព្រៀងគ្នារបស់គូភាគី ។

បន្ថែមលើនេះ លោក ជិន ម៉ាលីន បានមានប្រសាសន៍ថា “ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានចាត់ទុកជាការងារអទិភាពសំខាន់មួយ ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយនៅក្នុងនីតិកាលថ្មីនេះ រាជរដ្ឋាភិបាល បានកំណត់យកការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាការងារអទិភាពទី១ ក្នុងចំណោមកិច្ចការអទិភាពទាំង៣ នៃវិធានការកន្លឹះ អទិភាពទី៥ របស់សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល ដែលបានប្រកាសដាក់ចេញជាផ្លូវការ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ” ។

ក្នុងឱកាសនោះ លោក កើត ឆែ បានលេីកដែរថា រាជរដ្ឋាភិបាល ក្នុងនិតិកាលកន្លងមក ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសបនិងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នប្រធានព្រឹទ្ធសភា តែងបានតាសតឿនក្រើនរំលឹក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទ ក្នុងដែនសមត្ថកិច្ច គឺកុំបណ្តោយឱ្យកំទេចភ្លើង បង្កជាអគ្គីភ័យ ដែលមានន័យប្រៀបប្រដូចទៅនឹងវិវាទតូចតាចក្នុងមូលដ្ឋាន បើគ្មានការយកចិត្តទុកដាក់។

To Top