ព័ត៌មានជាតិ

សម្តេចតេជោ៖ ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃអង្គព្រះមហាក្សត្រ ធ្វើឲ្យជាតិបន្តពង្រឹងសន្តិភាព និងរីកចម្រើនគ្រប់វិស័យ

ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជាបានធ្វើឲ្យប្រទេសជាតិបាននិងបន្តពង្រឹងសុខសន្តិភាព និងរីកចម្រើនគ្រប់វិស័យ ។

ក្នុងឱកាស ក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណា គម្រប់៧២ព្រះវស្សា យាងចូល៧៣ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ បានមានប្រសាសន៍ថា ជាមួយនឹងសមានចិត្តស្វាមីភក្តិចំពោះព្រះរាជបល្ល័ង្ក សូមថ្លែងនូវព្រះរាជមហាករុណាទិគុណ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជបេសកកម្មដ៏ឧត្តុង្គ ឧត្តមប្រកបដោយព្រះរាជទសពិធរាជធម៌ ព្រះរាជគតិបណ្ឌិតស្នេហាជាតិ ស្នេហាមាតុភូមិ និងស្នេហាប្រជារាស្ត្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបន្តថា ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិបាននិងកំពុងបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម នីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ។ ក្នុងនោះប្រជារាស្ត្រគ្រប់ៗរូបទទួលបាននូវភាពសម្បូរសប្បាយប្រកបដោយមោទនភាព កិត្យានុភាព និងសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍តរៀងទៅ៕

To Top