ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកស៊ីម៉ងត៍ ទេយ្យទាននិងថវិកា ប្រគេនព្រះសង្ឃ នៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់!

កំពង់ធំ: នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកស៊ីម៉ងត៍ចំនួន ២តោន អង្ករចំនួន ១០០គីឡូក្រាម មីជាតិចំនួន ៥កេស ទឹកត្រីទឹកស៊ីអ៊ីវនិងត្រីខកំប៉ុង ព្រមទាំងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃសម្រាប់បន្តការសាងសង់កុដិមួយខ្នង និងសម្រាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃ ដែលកំពុងមានការខ្វះខាត។

ព្រះតេជគុណព្រះភិក្ខុ​ ម៉ន សោម ព្រះគ្រូចៅអធិការវត្តបុទុមសាគរ ហៅវត្តស្រែវាលខាងកើត បានមានសង្ឃដីកាថា កន្លងមកការសាងសង់កុដិមួយខ្នងនេះ ត្រូវបានការជួយឧបត្ថម្ភឥដ្ឋ  ស៊ីម៉ងត៍​និង​ថវិកា​មួយចំនួនពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ហើយបច្ចុប្បន្ននេះមានការខ្វះខាតសម្ភារៈសម្រាប់ដំណើរការសាងសង់បន្ត  ទើបថ្ងៃនេះបានទទួលស៊ីម៉ងត៍ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ដើម្បីបានដំណើរការសាងសង់បន្តនិងផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃនៅក្នុងវត្តផងដែរ​ និង​សូម​គោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី​ និង​លោក​ជំទាវ​ សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ។

នៅ​ក្នុង​ឱកាស​នេះ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកតែងតែមានការគិតគូរ និងដោះស្រាយគ្រប់បែបយ៉ាងចំពោះការលំបាកខ្វះខាតទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសក្នុងការកសាងសមិទ្ធផលនានា ដើម្បីជាសមិទ្ឋិផលរបស់សង្គមជាតិ ហើយថ្ងៃនេះតាមសំណូមពររបស់ព្រះតេជគុណព្រះសង្ឃ និងលោកតាគណៈកម្មការអាចារ្យវត្ត  ព្រមទាំងប្រជាពលរដ្ឋ សម្ដេច និងលោកជំទាវ បានឧបត្ថម្ភជូនស៊ីម៉ងត៍ សម្រាប់បន្តការសាងសង់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន សម្រាប់ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃនៅក្នុងទីអារាមវត្តស្រែវាលខាងកើត ពេលនេះផងដែរ៕
ដោយ សំនៀង

To Top