ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្ត ឱ្យភាគីចិន បង្កើនការវិនិយោគ លើការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាបន្ថែម ដើម្បីបំពាក់បំប៉នជំនាញ ឱ្យស្របនឹងបរិបទឌីជីថលភាវូបនីយកម្ម ពង្រីកផលិតភាពការងារឱ្យកាន់តែខ្ពស់ ពិសេសគឺដើម្បីបង្កើន ការទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្ដាក់ទុន វិនិយោគនៅកម្ពុជាផងដែរ ។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយលោក ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថានជាតិពហុបច្ចេទេសកម្ពុជា (NPIC) នាព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ដែលជំនួបនេះគឺមុនពិធីបើកសម្ពោធដាក់ឱ្យដំណើរការ «រោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត» នៅវិទ្យាស្ថានជាតិពហុបច្ចេទេសកម្ពុជា (NPIC)។

ក្នុងជំនួបនោះលោករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យភាគីចិន ចូលរួមវិនិយោគបន្ថែមលើការកសាងធនធាន ជំនាញនៅកម្ពុជាបន្ថែមទៀត ដើម្បីអាចឱ្យកម្ពុជាមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបង្កើនផលិតភាពការងារ និងរក្សាបានការទាក់ ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានលើកឡើងពីទស្សនៈរួមគ្នារវាងកម្ពុជា-ចិនលើការលើកកម្ពស់និងអភិវឌ្ឍសមត្ថភាពជំនាញធនធានមនុស្ស ក្រោមកិច្ចសហការរវាងក្រុម ហ៊ុនឯកជនរបស់ចិន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។

ជាការឆ្លើយតប លោកអគ្គទីប្រឹក្សាទូត ZHAO HAIYAN បានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅតែជួយជ្រោមជ្រែងនិងគាំទ្រ ទៅដល់ប្រជាពលរដ្ឋនិងប្រទេសកម្ពុជា ដើម្បីឱ្យកម្ពុជាកាន់តែរីកចម្រើនជាបន្តបន្ទាប់៕

