ព័ត៌មានជាតិ

សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា គាំទ្រការលើកកម្ពស់ការយល់ដឹង អំពីផលិតផលថ្នាំជក់ និងបារី ដល់ពលរដ្ឋកម្ពុជា

រូបភាព៖​ STPM

ភ្នំពេញ៖ សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) គូសបញ្ជាក់ពីការគាំទ្រ នូវរាល់គំនិតផ្ដួចផ្ដើម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញបំណង សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីផលិតផលថ្នាំជក់ និងបារី ដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូ សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដឹកនាំដោយលោក Barros Figueira Miguel ប្រធានសមាគម ATIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ប្រធានសមាគម បានគោរពរាយការណ៍ដោយសង្ខេបជូន សម្ដេចធិបតី អំពីស្ថានភាព និងសកម្មភាពការងាររបស់សមាគម ATIC ដែលក្នុងរយៈពេលកន្លងមក ដែលបាមចូលរួមចំណែក បង្កើតការងារក្នុងស្រុក បានជាង ៤៥០០ កន្លែង និង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ លោកប្រធានសមាគម បានបន្តថា សមាគមក៏បានចូលរួមចំណែក ក្នុង ការងារសង្គមជាច្រេីនដូចជា ការផ្តល់ឧបករណ៍ទឹកស្អាត, ការផ្ដល់កុំព្យូទ័រ, សម្ភារបរិក្ខារ និងការជួយដល់សហគមន៍ជាដើម។

ក្រៅពីនេះ លោកប្រធានសមាគម បាន គូសបញ្ជាក់ពីការគាំទ្រនូវរាល់គំនិតផ្ដួចផ្ដើម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញបំណង សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលិតផលថ្នាំជក់ និងបារី ដល់ប្រជាពលរដ្ឋ។

បន្ទាប់ពីបានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូសមាគម ATIC សម្ដេចធិបតី បានលើកឡើង អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការនាំចូល ផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ព្រមទាំងការដាក់ចេញវិធានការនានា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។

ជាមួយគ្នានោះដែរ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា បាននិងកំពុងពិនិត្យយន្តការនានា ដើម្បីធានានូវតុល្យភាព រវាងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន និងការលេីកកម្ពស់សុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាល បានផ្ដោតការយកចិត្តទុកដាក់ លើការលើកកម្ពស់ការយល់ដឹង អំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងបារី និងបានជំរុញការត្រួតពិនិត្យការចែកចាយ ផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ដើម្បីធានាឱ្យមានការចរាចរ និងចែកចាយផលិតផលដោយអនុលោមតាមច្បាប់។

ក្នុងនោះដែរ សម្ដេចធិបតី បានគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអនុញ្ញាតឱ្យមានការវិនិយោគ លេីការផលិតបារីអេឡិចត្រូនិក (e-cigarettes) នៅកម្ពុជានោះទេ៕

To Top