ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន។
បើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និង ម៉ូតូកង់បួន នឹងត្រូវដាក់ដំណើរការសាកល្បងចាប់ពី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ តទៅ។

សូមបញ្ជាក់ថា សាធារណជន អាចស្នើសុំសេវាខាងលើ តាមរយៈគេហទំព័រ https vehice.mpwt.gov.kh ឬ នៅទីតាំងរៀងរាល់ម៉ោងធ្វើការ ដូចខាងក្រោម៖
ទី១- មណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ទី២- មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៥៩៨ ភូមិ ខ១ សង្កាត់ច្រាំងចំរេ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំពោះការទទួលយក និងកិបផ្លាកលេខ អាចធ្វើបាននៅ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ សាខាឫស្សីកែវ តែប៉ុណ្ណោះ៕
