ព័ត៌មានជាតិ

កម្ពុជា-អាម៉េរិក ផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មក ក្នុងបរិយាកាសយោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម

ភ្នំពេញ ៖ កម្ពុជា-អាម៉េរិក បានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មក ក្នុងបរិយាកាសយោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅ លើអត្ថបទសេចក្តីព្រាង កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។

នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន​ របស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៥​ ខែឧសភា ឆ្នាំ២០២៥។

បេីតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នាថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារ ចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman
អនុប្រធានតំណាងពាណិជ្ជកម្ម សហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់ អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

ក្នុងកិច្ចប្រជុំចរចាជុំទី១ នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាសយោគយល់គ្នា លើការពង្រឹងបន្ថែម នូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើអត្ថបទ សេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ ភាគីទាំងពីរ បានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទី២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។

រាជរដ្ឋាភិបាល​ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕

To Top