ព័ត៌មានជាតិ

មន្រ្តី​នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រវឹងស្រាបង្កគ្រោះថ្នាក់​ចរាចរណ៍​ បុករះនៅមុខក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក​ ហ៊ុន ហេង ដែលគេស្គាល់ថាមានតួនាទីជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រវឹងស្រាបេីក​រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុករះនៅបណ្ដោយផ្លូវព្រះនរោត្តម​ មុខក្រសួងមហាផ្ទៃបណ្ដាលឱ្យមានអ្នកស្លាប់និងរបួស។

សេចក្ដី​រាយការណ៍​បានឱ្យ​ដឹង​ថា​ ក្រោយ​កេីត​ហេតុ​ភ្លាមៗ​ លោកវរសេនីយ៍ឯក ហ៊ុន ហេង ដែលជាអ្នកបើករថយន្ដបង្ក ត្រូវ​បានកម្លាំងនគរបាលខណ្ឌចំការមន ឃាត់ខ្លួននិងបញ្ជូនបន្តឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។

សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍បុករះនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១៥នាទី រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ព្រះនរោត្តម ខាងមុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងករណីបុករះនេះ បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បាត់បង់ជីវិត និងខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា ២គ្រឿង និងរថយន្តព្រុស ១គ្រឿង និងអ្នករងរបួសផ្សេងទៀត៕

To Top