ព័ត៌មានជាតិ

កម្ពុជា-ឡាវ បន្តប្តេជ្ញារួមគ្នា ទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀន នៅតាមខ្សែរបន្ទាត់ព្រំដែន

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈឡាវ បានអះអាងជាថ្មី អំពីការបន្តប្តេជ្ញាចិត្តរួមគ្នា សាមគ្គីទប់ស្កាត់អំពើជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន នៅតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសទាំងពីរ។

ការអះអាងជាថ្មីនូវឆន្ទះពង្រឹងកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើង នាជំនួបសម្ដែងការគួរសមនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាស នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ដឹកនាំសហការីអញ្ជើញ មកចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនោះដែរ នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វូង ក៏បានសម្តែងនូវការអបអរសាទរ ចំពោះការប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងកម្លាំងនគរបាលជាតិ។

ភាគីទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អ រវាងប្រទេសទាំងពីរនឹង បន្តរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផល ប្រយោជន៍ ជូនប្រជាជននៃប្រទេសទាំងពីរ៕

To Top