ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា នាពេលនេះប្រព្រឹត្តទៅ ស្របពេលដែលកម្លាំងជាតិទាំងមូល កំពុងសស្រាក់សស្រាំ ជំរុញការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់ សម្រាប់ការរៀបចំ ដឹកនាំ និងការអភិវឌ្ឍប្រទេស ប្រកបដោយទស្សនវិស័យវែងឆ្ងាយ សំដៅនាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ប្រកបដោយភាពធន់ និរន្តរភាព បរិយាប័ន្ននិងសមធម៌សង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកំពុងគ្រប់គ្រងស្ថានការណ៍ រក្សាបានស្ថានភាព នឹងនរ ល្អប្រសើរ ទាំងសន្តិសុខជាតិ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព- សង្គម។

តាមការស្រាវជ្រាវរបស់គណៈកម្មការស្រាវជ្រាវ ចងក្រង ប្រវត្តិកងកម្លាំងនគរបាលជាតិ បានរកឃើញនូវឯកសារជាលាយលក្ខណ៍អក្សរ ដែលចំណាស់ជាងគេស្តីពីវិស័យនគរបាល មានចាប់ពីឆ្នាំ១៨៨៤ តម្កល់ទុកក្នុងបណ្ណសារដ្ឋានជាតិ រាជធានីភ្នំពេញសព្វថ្ងៃនេះ ជាមូលដ្ឋានច្បាស់លាស់ អាចធ្វើការចងក្រងអំពីប្រវត្តិសកម្មភាព និងសមិទ្ធផល នៃកងកម្លាំងនគរបាលកម្ពុជា។ យោងតាម ឯកសារទាំងនោះ បានបញ្ជាក់ថា ជនរួមជាតិខ្មែរជាច្រើននាក់ បានរួមចំណែកក្នុងការពង្រឹង សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រួមជាមួយបារាំង ក្នុងវិស័យនគរបាល អស់រយៈពេល ៦១ឆ្នាំ (១៨៨៤-១៩៤៥) មុនពេលបង្កើតកងកម្លាំងនគរបាលជាតិ ជាផ្លូវការ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ ១៩៤៥។

បើគិតចាត់តាំងពីថ្ងៃចាប់បដិសន្ធិឡើង កងម្លាំងនគរបាលជាតិកម្ពុជា មានអាយុកាល ៨០ឆ្នាំហើយ គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ដោយសារកម្ពុជា ធ្លាប់បានហែលឆ្លងកាត់ទាំង ដំណាក់កាលសុខសន្តិភាព(កោះសន្តិភាព) និងធ្លាប់ជាប់ឈ្មោះជាដែនដី ដែលពោរពេញទៅដោយ ជម្លោះនិងសង្គ្រាមបែកបាក់ផងនោះ ៨០ឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិ ក៏ត្រូវបានផ្លាស់ប្តូរ ឈ្មោះជាបន្តបន្ទាប់ ទៅតាមការផ្លាស់ប្តូរនៃរបត់នយោបាយ។ តែយ៉ាងណាក៏ដោយ ក៏កងកម្លាំងនគរបាលជាតិ នៅតែស្ពាយជាប់នឹងស្មា នូវតួនាទីនិងភារកិច្ច ក្នុងនាមជាកម្លាំងអនុវត្តច្បាប់ ក្នុងន័យ ថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខក្សេមក្សាន្ត ជូនពលរដ្ឋជាប់ជានិច្ច៕

To Top