ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ ដល់កងកម្លាំង នគរបាលជាតិទាំងអស់ ត្រូវខិតខំពង្រឹងសន្តិសុខ ស្ថេរភាពនយោបាយ និងសុខដុរមនាកម្មសង្គម ឱ្យបានរឹងមាំ ដោយត្រូវចាត់វិធានការតឹងរឹង ប្រឆាំងដាច់ខាត នូវរាល់ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុង សកម្មភាពវិទ្ធង្សនាបង្កចលាចល ជាពិសេសបដិវត្តពណ៌ ។
ការណែនាំរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាល ជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យកងកម្លាំងនគរបាលជាតិ ត្រូវបង្កើនកិច្ចសហការ ឱ្យកាន់តែជិតស្និទ ជាមួយកងយោធ ពលខេមរភូមិន្ទ ការពារឱ្យបានគង់វង្សនូវសន្តិភាព ដែលជាមរតកនៃនយោបាយឈ្នះ ឈ្នះ ការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី កសាងឱ្យបានតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រឆាំងទប់ស្កាត់ អនុភាពអមិត្ត ប្រើប្រាស់ទឹកដីម្ខាង ដើម្បីប្រឆាំងទឹកដីម្ខាងទៀត ។
ក្នុងនោះសម្តេចធិបតី បានឱ្យកងកម្លាំងនគរបាលជាតិ ត្រូវខិតខំពង្រឹងសន្តិសុខ ស្ថេរភាពនយោបាយ និងសុខដុរមនាកម្មសង្គម ឱ្យបានរឹងមាំ ដោយត្រូវចាត់វិធានការតឹងរឹង ប្រឆាំងដាច់ខាត នូវរាល់ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុង សកម្មភាពវិទ្ធង្សនាបង្កចលាចល ជាពិសេសបដិវត្តពណ៌ ព្រមទាំងខិតខំទប់ស្កាត់បង្កា បណ្តាញភេវរកម្ម ព្រមទាំង ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ទំរង នៅក្នុងសម័យឌីជីថល ដែលត្រូវចិត្តទុកដាក់ពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាដៃគូសំខាន់ៗ ដើម្បីធានាបាននូវការឆ្លើយតប ប្រកបដោយប្រសិទ្ធភាព នូវក្នុងការរក្សាបានសុខសន្តិភាព សន្តិសុខជាតិ និងសន្តិសុខសង្គមកម្ពុជា ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ក្នុងន័យនេះ ការការពារសិទ្ធិមនុស្ស គឺ សិទ្ធិមូលដ្ឋានរបស់មនុស្ស គឺសិទ្ធិនៅក្នុងការរស់នៅ ដោយសុខសន្តិភាព ស្ថេរភាព និងសេចក្តីក្សេមក្សាន្ត ដោយមិនព្រួយបារម្ភពីបញ្ហាអសន្តិសុខ គឺភាពច្របូកច្របល់នៅក្នុងសង្គម សិទ្ធិនៅក្នុងការបញ្ចេញមតិ សិទ្ធិនៅក្នុងការប្រតិបត្តិសាសនា សិទ្ធិនៅក្នុងការធ្វើសកម្មភាពនយោបាយផ្សេងៗ ត្រូវធានាឱ្យបាននូវក្របខណ្ឌមួយ ដែលច្បាប់អនុញ្ញាត ត្រូវធានានូវសុច្ចរិតភាព ត្រូវធានានូវតម្លាភាព និងការទទួលខុសត្រូវ ជាពិសេសទៅលើប្រធានបទសំខាន់ៗ ដែលធ្វើឱ្យប្រជាពលរដ្ឋរបស់យើង មានការព្រួបារម្ភ រឿង បូរណភាពទឹកដី រឿងប្រឆាំងជាតិសាសន៍នានា ការបារម្ភ ការធ្វើឱ្យបែកបាក់ជាតិ នេះហើយគឺជាបញ្ហា ដែលធ្វើឱ្យប្រទេស យើងធ្លាក់ចុះ ពីមហាអំណាច ។ សង្គ្រាមក្រៅប្រទេសជាផ្នែកមួយ ប៉ុន្តែមូលហេតុធំ គឺការបាត់ទំនុកចិត្តរវាងប្រជាជន និងប្រជាជន ជាពិសេសគឺការ បង្កើតនូវបញ្ហា ព័ត៌មានក្លែងក្លាយ ការឈានចាប់យក នូវព័ត៌មានផ្សេងៗ ដែលមិនពិតប្រាកដ ដើម្បីយកមកដុត ធ្វើឱ្យមានការប្រេះស្រាំពីទំនុកចិត្ត រវាងប្រជាជន និងប្រជាជន ប្រជាជននិងរដ្ឋាភិបាល ស្របច្បាប់ ដែលទទួលសិទ្ធិពីការបោះឆ្នោត ពីប្រជាជនច្រើនលើសលប់ អនុឡោមតាមរដ្ឋធម្មនុញ្ញ របស់យើង ដើម្បីបំពេញភារកិច្ចក្នុងរយៈពេល៥ឆ្នាំ បម្រើជាតិនិងមានតុភូមិ” ។
បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អ្វីដែលសំខាន់ គឺត្រូវរក្សានូវស្ថានភាព ស្ថេរភាព បរិស្ថានដែលអាចធ្វើឱ្យពង្រឹងនូវចំណុចវិជ្ជមាន និងកាត់បន្ថយនូវចំណុចអវិជ្ជមាន តាមច្បាប់ ហើយនិងការពារដាច់ខាត នូវសុខសន្តិភាព ស្ថេរភាព និង សន្តិសុខជូនប្រជាពលរដ្ឋ គឺជាអ្វីដែលត្រូវតែអនុវត្ត ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕
