ព័ត៌មានជាតិ

លោក ឃួង ស្រេង នឹងត្រូវអានសារលិខិត របស់សម្តេចធិបតី ក្នុងឱកាសប្រារព្វទិវាជាតិ នៃការចងចាំ២០ឧសភា

ភ្នំពេញ ៖ ទិវាជាតិនៃការចងចាំ នឹងត្រូវប្រារព្វធ្វើឡើងដូចរៀងរាល់ឆ្នាំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ នាថ្ងៃ២០ឧសភា ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលត្រូវអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

តាមការបញ្ជាក់ឱ្យដឹងពី លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំពិភាក្សា ជាលើកទី៣ ជុំវិញការរៀបចំទិវាចងចាំថ្ងៃ២០ឧសភា នារសៀលថ្ងៃទី១៦ឧសភានេះ នៅសាលារាជធានីភ្នំពេញ បានលេីកឡើ ងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ការប្រារព្វទិវាជាតិ នៃការចងចាំនេះ មកឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកចាត់ចែងនិងរៀបចំ នោះគឺ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាអធិបតីភាព ដូចដែលបានធ្វើឡើងរាល់ឆ្នាំ គ្រាន់តែការប្រារព្វទិវាធ្វើឡើង ក្នុងកម្រិតមួយធំជាង និងអធឹកអធមជាងឆ្នាំមុនៗ។

បន្ថែមលេីនេះ លោក ឃួង ស្រេង នឹងត្រូវអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្វទិវាជាតិ នៃការចងចាំ២០ឧសភានេះ។ ចំណែកការរៀបចំឈុតឆាកសម្តែង និងការរៀបចំតាមបែបសាសនា គឺនៅរក្សាដូចបណ្តាឆ្នាំមុនៗដដែរ។

គួរបញ្ជាក់ថា ការប្រារព្វទិវាជាតិ នៃការចងចាំ ថ្ងៃ២០ឧសភា ធ្វើឡើងដើម្បីរំលឹកឱ្យក្មេងជំនាន់ក្រោយ បានដឹងនិងយល់ឱ្យបានច្បាស់ ពីរបបដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់ សម្លាប់ប្រជាជនកម្ពុជាអស់ ជាង៣លាននាក់ និងដើម្បីរួមគ្នារក្សាសន្តិភាព ឱ្យបានគង់វង់នៅកម្ពុជា ពិសេសគឺការពារឱ្យ បាននូវរបបដ៏សាហាវយង់ឃ្នងនេះ កុំឱ្យវិលត្រឡប់មកលើប្រទេសកម្ពុជាជាថ្មីម្តងទៀត៕

To Top