ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងបរិស្ថានរំពឹងថាផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ ជាហេដ្ឋារចនាសម្ភ័ន្ធលើកម្ពស់ជីវភាពប្រជាពលរដ្ឋ

កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រំពឹងថា សមិទ្ធិផលផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់មួយចំនួនដែលបើកការដ្ឋានក្នុងថ្ងៃនេះ នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍តាំងបំពង់(រលាក់កងជើង) ឱ្យកាន់តែប្រសើរឡើងតាមរយៈកំណើនភ្ញៀវទេសចរណ៍មកលេងច្រើន។ ការលើកឡើងដូចនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែឡើងទៅកាន់ភ្នំខ្នងផ្សារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនដែលបម្រើឱ្យគោលដៅលំហែបៃតងតំបន់ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

លោក អ៊ាង សុផល្លែត បានលើកឡើងថា ភ្នំខ្នងផ្សារគឺ ជាឋានសួគ៌ក្រោមមេឃមួយដែលបានសំងំលាក់ខ្លួន និងស្ថិតនៅឆ្ងាយពីក្រសែភ្នែកមហាជន ពិសេសភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅក្នុងភូមិសាស្ត្រដាច់ស្រយាលមួយនៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តែក្រោមការអភិវឌ្ឍន៍ និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការគិតគូពីសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសមិទ្ធផលទាំងនេះ នឹងធ្វើឱ្យសហគមន៍តាំងបំពង់(រលាក់កងជើង)ពិសេសតំបន់ភ្នំខ្នងផ្សារលែងស្ថិតនៅឆ្ងាយពីក្រសែភ្នែកមហាជន និងភ្ញៀវទេសចរទៀតហើយ។

លោក អ៊ាង សុផល្លែត បានបន្ថែមថា តាមរយៈសមិទ្ធិផលផ្លូវមួយខ្សែ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួននេះ នឹងក្លាយជាចំណងដៃថ្មីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅភូមិតាំងបំពង់ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ក៏ដូចជាការតភ្ជាប់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ពិសេសគឺជាសមិទ្ធផលដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូនផងដែរ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបញ្ជាក់ផងដែរថា ការអភិវឌ្ឍតំបន់ព្រៃភ្នំដ៏មានសក្ដានុពលនេះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ តាមរយៈការបម្រើសេវាទេសចរណ៍។ គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ នឹងជួយផ្សព្វផ្សាយអំពីការគាំទ្ររបស់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គម និងគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ ព្រមទាំងជួយជំរុញចលនាទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន។ តាមរយៈការងារនេះ នឹងចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍នានា ដែលទាំងនេះក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។

សូមរំលឹកថា ការបើកការដ្ឋានស្ថាបនាផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់មួយចំនួនក្នុងថ្ងៃនេះ ក៏មានការចូលរួមពី លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមនឹងតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អង្គភាពពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ ជាដើម៕

ដោយ៖ សុខ សុភ័ណ្ឌ /រូបថតមជ្ឈមណ្ឌលដើមអំពិល

To Top