ព័ត៌មានជាតិ

ក្រសួងសន្តិសុខសាធារណៈវៀតណាម ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហការ ជាមួយក្រសួងមហាផ្ទៃកម្ពុជា ឱ្យកាន់តែប្រសើរ

រូបភាព៖​ STPM

ភ្នំពេញ៖ ថ្លែងប្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ លោក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងសន្ដិសុខសាធារណៈវៀតណាម បានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងមហាផ្ទៃកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែក ដល់ការថែរក្សាសន្តិសុខនិងស្ថិរភាព។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី លឿង តាមខ្វាង បានសម្ដែងនូវការអបអរសាទរ ចំពោះការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញដោយសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី និងក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កម្ពុជានឹងសម្រេចបាន នូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនជាតិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសម្ដែងនូវក្ដីសោមនស្ស ចំពោះភាពរីកចម្រើននៃចំណងមិត្តភាព, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង កម្ពុជា, ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាសសរស្តម ្ភ នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងការរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាការជួញដូរមនុស្ស, បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀនជាដើម។

បន្ថែមលើនេះលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តថា ក្រសួងសន្តិសុខសាធារណៈវៀតណាម នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងមហាផ្ទៃកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិសុខ, ស្ថិរភាព និងដើម្បីជាប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេស ទាំងពីរ។

ដោយឡែក សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្ត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និង ក្រសួង មហា ផ្ទៃ កម្ពុជា ដែលត្រូវបានពង្រឹង និង ពង្រីក ជាប់ជាប្រចាំ ។

សម្ដេចធិបតី បានថ្លែងអំណរគុណ ដល់ក្រសួងសន្តិសុខសាធារណៈវៀតណាម ដែលបានចូលរួមចំណែកដល់ការកសាង ធនធាន មនុស្សកម្ពុជា តាមរយៈ ការ បណ្តុះបណ្តាល និង ពង្រឹង សមត្ថភាពដល់ សិក្ខាកាមកម្ពុជា ជាបន្តបន្ទាប់។

ជាមួយគ្នានេះ សម្ដេចធិបតី បានជំរុញលើកទឹកចិត្តដល់ក្រសួងទាំងពីរ បន្តប្រពៃណី នៃកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេស កិច្ចសហការលើការងារបណ្ដុះបណ្ដាល, ការថែរក្សាសន្តិសុខ, ស្ថិរភាព និងការទប់ស្កាត់ ក៏ដូចជាការបង្ក្រាបបទល្មើសនានា ដើម្បីរួមចំណែកលើកកម្ពស់បន្ថែមទៀត ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕

To Top