កំពង់ធំ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមចំណែកជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ការជំរុញរបស់ លោក ហ៊ុន ម៉ានី នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ ស្ថិតនៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

ក្នុងមតិស្វាគមន៍ លោក លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ បានធ្វើរបាយការណ៍អំពីសមិទ្ធផលអគារសិក្សារបស់ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ និងបានធ្វើការប្តេជ្ញាចិត្ត ក្នុងការរៀបចំយុទ្ធនាការបរិច្ចាគឈាមប្រចាំឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្កលិក គាំទ្រជាមួយប្រព័ន្ធថែទាំសុខភាពជាតិ ពង្រឹងការអប់រំ ការអភិវឌ្ឍបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសចូលរួមកសាងសហគមន៍មួយប្រកបដោយភាពរស់រវើកសម្រាប់យុវជនជំនាន់ក្រោយផងដែរ។


នាឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ដែលបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំយុទ្ធនាការស្ម័គ្រចិត្ត បរិច្ចាគឈាមនេះឡើង ហើយឯកឧត្តមជឿជាក់ថា តាមរយៈយុទ្ធនាការនេះ នឹងក្លាយជាចលនាជំរុញការបរិច្ចាគឈាមជូនប្រជាជនកម្ពុជា។
លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ថា “លើកទឹកចិត្តដល់បងប្អូនឱ្យបន្តចូលរួមក្នុងយុទ្ធនាការនេះ ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមចំណែកជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា”៕
