ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការរង និងនាយសេនាធិការ យោធភូមិភាគទី៣

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៣ កងទ័ពជើងគោក នៅទីបញ្ជាការយោធភូមិភាគទី៣ ។

នៅក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ កងទ័ពជើងគោក បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈដ៏មោះមុត និងស្មារតី ទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង យោធភូមិភាគទី៣ នៅក្នុងដំណើរការកសាង និងពង្រឹងអង្គភាព ដោយទទួលបានស្នាដៃ និងសមិទ្ធផលជាច្រើន។

លោក អ៊ុយ ហៀង បានបញ្ជាក់ ថា រាល់លទ្ធផលសម្រេចបានទាំងនេះ គឺកើត ចេញពីការពុះពារតស៊ូ ស្វិតស្វាញព្យាយាមជម្នះរាល់ការ លំបាក រួមផ្សំនឹងគំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់ មូលដ្ឋានធនធានដែលមានស្រាប់ រហូតធានាបាន ប្រសិទ្ធភាពលើការអនុវត្តការងារ គ្រប់ភារកិច្ច រួមទាំងការងារ ដឹកនាំបញ្ជាអន្តរាគមន៍ និងល្បាតត្រួតពិនិត្យ ភូមិសាស្ត្រទទួលខុសត្រូវ ការងារហ្វឹកហ្វឺន ការងារធានាភស្តុភារ ក៏ដូចជាការងារត្រៀមកម្លាំងជួយសង្គ្រោះ ប្រជាពលរដ្ឋ ព្រមទាំងការអនុវត្តនូវរាល់បទបញ្ជារបស់ថ្នាក់លើប្រគល់ជូន ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលរួមអបអរសាទរ ជូនចំពោះ លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ជាមេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៣ កងទ័ពជើងគោក និងលោក ឧត្តមសេនីយ៍ទោ សំ សំអាត ជាមេបញ្ជាការរងយោធភូមិភាគទី៣ កងទ័ពជើងគោក ដែល ប្រារព្ធពិធីប្រកាសនាពេលនេះ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់ថា៖ ការសម្រេចតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិ ភាគទី៣ កងទ័ពជើងគោក គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃ យ៉ាងល្អិតល្អន់ របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ស្របនឹងគោលការណ៍ច្បាប់ជាធរមាន ជាពិសេសជាការវាយតម្លៃអំពី ឆន្ទៈ សមត្ថភាព អតីតភាពការងារ ចំណេះដឹង បទពិសោធន៍ និងលក្ខណៈ សម្បត្តិជាច្រើនទៀត ។ សង្ឃឹមថា នាយទាហានដែលទទួលបានមុខ តំណែងថ្មី នឹងយកចិត្តទុកដាក់លើភារកិច្ច បន្តការងារអភិវឌ្ឍន៍សមត្ថភាពកងទ័ព និងត្រៀមកម្លាំងស្មារតី បន្តយកចិត្តទុកដាក់ក្នុង កិច្ចការពារបូរណភាពទឹកដី ប្រកបដោយការ ស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ គោរពម៉ឺងម៉ាត់ រាល់បទបញ្ជា និងលក្ខន្តិកៈកងយោធពលខេមរភូមិន្ទ ព្រមទាំងបានក្រើនរំលឹកអំពីការគ្រប់គ្រងថែរក្សាគ្រឿងបំពាក់ ការរក្សា ការសម្ងាត់យោធា និងសេចក្តីថ្លៃថ្នូររបស់កងទ័ព ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្ថែមទៀតថា៖ នាយ-ពលទាហានទាំងអស់ត្រូវគោរព និងអនុវត្តន៍នូវអនុសាសន៍ណែនាំរបស់ សម្តេចធិបតីស្តីពី៖ ការកាប់ ទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ ពិព្រោះដីរដ្ឋ គឺជាដីរួមរបស់ប្រជាពលរដ្ឋមួយប្រទេស ដូច្នេះកងទ័ពត្រូវតែការពារ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ រួមទាំងការដោះស្រាយគ្រប់សភាពការណ៍ដែលអាចកើតឡើងជាយថាហេតុ ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានក្រើនរំលឹកដល់មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៣ ដែលទើបទទួលបានការ តែងតាំងថ្មី ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី៣ កងទ័ពជើងគោក ត្រូវចងចាំថា អភិក្រមទាំង៥ រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅតែមាន តម្លៃដ៏វិសេសក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់កម្រិត ឱ្យពិនិត្យ និងកែលម្អខ្លួនជា ប្រចាំ ឱ្យស័ក្តិសមជាមន្ត្រីបម្រើជាតិ និងប្រជាជន។ ប្តេជ្ញាដាច់ខាត ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសមិទ្ធផលជាតិទាំងឡាយ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តម បំផុតជាប្រវត្តិសាស្ត្រ បន្សល់ទុកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាកម្ទេចរាល់អំពើក្បត់ជាតិ និងមនោគមន៍វិជ្ជាជ្រុលនិយម តាមរយៈការញុះញង់ បង្កឱ្យមានចលាចលក្នុងសង្គម ដែលមានចរិតជាបដិវត្តពណ៌ សំដៅបំផ្លាញសុខសន្តិភាព សេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់ប្រទេសជាតិ ៕

To Top