ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ គឺជាវិទ្យាល័យតែមួយគត់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលពីដំបូងវិទ្យាល័យនេះ គឺជាអនុវិទ្យាល័យ ប្រម៉ោយ ត្រូវបានបង្កើតឡើងដំបូងក្នុង ឆ្នាំ២០០៣ មានអគារសិក្សា ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យ ចំនួន១ ដែលជាជំនួយរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី មានគ្រូបង្រៀនចំនួន ៤នាក់ និងបានទទួលសិស្ស ឱ្យចូលរៀនថ្នាក់ទី៧ ចំនួន ៤៣នាក់ (ស្រី២៩នាក់)ប៉ុណ្ណោះ។ ដោយមានកំណើនសិស្សកើនឡើង ក្នុងឆ្នាំសិក្សា២០០៧-២០០៨ អនុវិទ្យាល័យប្រម៉ោយ បានប្រែក្លាយទៅជាវិទ្យាល័យប្រម៉ោយ និងមានសិស្សានុសិស្សសរុបចំនួន ២២៣នាក់ (ស្រី ៨៨នាក់) មានគ្រូបង្រៀនចំនួន ៩នាក់។ ដោយមើលឃើញពីទុក្ខលំបាក របស់គ្រូបង្រៀន និងសិស្សានុសិស្ស ដែលមានទីលំនៅឆ្ងាយៗពីវិទ្យាល័យ ហើយបានមកបង្រៀន និងសិក្សារៀនសូត្រនៅទីនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនអគារស្នាក់នៅ ១ខ្នង មាន៥បន្ទប់, បង្គន់អនាម័យ ២ខ្នង មាន ៦បន្ទប់ និងគ្រែចំនួន ៣៥ គ្រែ ដើម្បីជួយសម្រួលដល់ការស្នាក់នៅ របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

នៅក្នុងឆ្នាំសិក្សា ២០១១-២០១២ វិទ្យាល័យប្រម៉ោយ បានកសាងអគារទីចាត់ការ ១ខ្នង ដើម្បីជួយសម្រួលកិច្ចការងារ រដ្ឋបាល និងការងារផ្សេងៗនៅក្នុងវិទ្យាល័យ ដោយបានទទួលការ ឧបត្ថម្ភគាំទ្រពី អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន អឹមឌីអេស។

ចំពោះសមិទ្ធផលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាឱកាសនេះ រួមមាន៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់, ទីចាត់ការ១ខ្នង មាន ៣បន្ទប់, អន្តេវាសិកដ្ឋាន ១ខ្នង កម្ពស់២ជាន់ ស្មើនឹង ២០បន្ទប់, ក្លោងទ្វារ ២, ផ្លូវបេតុងប្រវែង ២.៦៤០ម៉ែត្រ, របងព័ទ្ធជុំវិញប្រវែង ១.៣៥០ម៉ែត្រ, ទីលានបាល់ បោះ១, ទីលានបាល់ទះ១ និងដងទង់ជាតិ១ សាងសង់លើផ្ទៃដីទំហំ ៨៨.៤០៤ ម៉ែត្រការ៉េ និងសមិទ្ធផលផ្សេងៗទៀត។

សមិទ្ធផលទាំងអស់នេះ គឺបានកើតឡើងនៅពេលដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា អញ្ជើញមកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ដែលភ្ជាប់ពីខេត្តពោធិ៍សាត់ ទៅប្រទេសថៃ តាមច្រកព្រំដែនថ្មដា និងបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ដោយឆ្លងកាត់តាមខេត្តពោធិ៍សាត់៕

To Top