ពោធិសាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានលក់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញនោះឡើយ បែបជា ក្រុមប្រឆាំងកេងចំណេញថា «កុំតែបានគេ កុំអីរាជរដ្ឋាភិបាល លក់បាត់ទៅហើយ ។
កាលពីម្សិលមិញ ក្នុងពិធីអបអរសាទរខួបនគរបាល, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនបានលក់អាកាសយានដ្ឋានជាតិ ភ្នំពេញឡើយ បន្ទាប់ពីក្រុមជ្រុលនិយម បានចោទថា រាជរដ្ឋាភិបាល បានលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមប្រឆាំង ចោទតែរាជរដ្ឋាភិបាលកម្ពុជា ហើយនិយាយ យកល្អតែខ្លួនឯងប៉ុណ្ណោះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «អ្នកបង្កើតរឿង ម្សិលមិញ គេបង្កើតរឿងថា យើងលក់ព្រលាន យើងប្រាប់ថាអត់ទេ គេថា កុំបានតែគេ កុំអីលក់បាត់»។
សូមរំលឹកថា អាកាសយានដ្ឋានពោធិ៍ចិនតុង នឹងត្រូវបានរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ ដែលជាស្នាព្រះហស្តរបស់ ព្រះបរមរតនកោដ្ឋ។ ការរក្សាទុកទីតាំងនេះ មិនត្រឹមតែជាការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ប៉ុណ្ណោះទេ តែជាការគោរពដល់ប្រវត្តិសាស្ត្រ និងការចងចាំរបស់ជាតិ ផងដែរ។ នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ នឹងដាក់ឱ្យដំណើរការអាកាស យានដ្ឋានអន្តរជាតិតេជោ ៕
