ពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាល់ករណីបុកមនុស្សស្លាប់មានជាតិស្រវឹងក្នុងខ្លួន គឺត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ មិនមែនសងលុយហើយ រួចខ្លួននោះទេ។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លាប់ និងរបួស កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានបង្កឡើងដោយបុគ្គលឈ្មោះ ហ៊ុន ហេង ប្រធានការិយាល័យភស្តុភារ នៃស្នងការនគរបាលជាតិ។
ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីនគរបាល បើករថយន្តបុករះបណ្តាលឱ្យអ្នករត់កង់បីស្លាប់នោះ នឹងត្រូវផ្តន្ទាទោសដោយគ្មានការលើកលែងឡើយ។ រាល់ករណីបង្កគ្រោះបណ្តាលឱ្យអ្នកដទៃស្លាប់ គឺ សម្តេច តាមដានការអនុវត្តន៍ច្បាប់ដោយផ្ទាល់។
សម្តេចបវរធិបតី មានប្រសាសន៍ថា «យើងបានអនុវត្តតាំងពីដើមអាណត្តិមកហើយ គឺរាល់ការបុកមនុស្សស្លាប់ដោយមានជាតិស្រវឹងនេះ គឺយើងត្រូវអនុវត្តច្បាប់ម៉ឺងម៉ាត់ មិនមានត្រឹមត្រូវដោះស្រាយ ឬសង់លុយរួចខ្លួននោះទេ ចំពោះអ្នកបុកគេស្លាប់ហើយ មានជាតិស្រវឹងក្នុងខ្លួន មិនថា អ្នកនោះ ជានរណា យើងបានអនុវត្តហើយ រហូតដល់មន្ដ្រីមួយចំនួនរបស់យើង»។
សម្តេចបវរធិបតី បន្ដថា ជាការពិតណាស់ គ្មានអ្នកណាចង់បង្កហេតុនោះទេ កាឆ្វេសប្រហែស បានធ្វើឱ្យបាត់បង់អនាគត របស់គ្រួសារមួយ ដូច្នេះកិច្ចការងារនេះ ត្រូវបន្ដអនុវត្តឱ្យបានម៉ឺងម៉ាត់។ សម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា រឿងបុកមនុស្សស្លាប់ហើយមានជាតិស្រវឹង គឺមិនអាចបង់លុយរួចខ្លួននោះទេ ដោយអនុវត្តដូចគ្នាទាំងអស់ លុយសំណងត្រូវតែបង់ ហើយប្រឈមមុខនឹងផ្លូវច្បាប់ត្រូវតែមាន។
សូមរំលឹកថា ករណីនាយនគរបាលរាជធានីភ្នំពេញម្នាក់ បានបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យអ្នកដទៃស្លាប់ និងរងរបួស ព្រមទាំងខូចខាតសម្ភារផ្សេងទៀត នៅមុខក្រសួងមហាផ្ទៃ កន្លងទៅនោះ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
បើតាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ថា អ្នកបើកបររថយន្ដបង្កឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ព្រមទាំងអនុវត្តបទវិន័យនគរបាលជាតិកម្ពុជា បណ្ដេញចេញពីក្របខ័ណ្ឌថែមទៀត៕
