ភ្នំពេញ៖ ក្រៅពីការបណ្ដុះបណ្ដាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត” លើការងារទូទៅគ្រប់ជំនាញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាលពិសេស ជូនដល់មន្រ្តីបោះឆ្នោត ដោយផ្ដោតលើការងារជំនាញពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប. បានបញ្ចាក់ថា ចំពោះការបណ្ដុះបណ្ដាលពិសេសនេះ គ.ជ.ប បានរៀបចំចំនួន២វគ្គរួចមកហើយ គឺនៅ ខេត្តតាកែវ និងខេត្តកំពត កាលពីឆ្នាំ២០២៤ ជូនដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតចំនួន ១០ រាជធានី ខេត្តហើយសម្រាប់ឆ្នាំ២០២៥ នេះ គ.ជ.ប បានរៀបចំចំនួន ២វគ្គទៀត ដោយវគ្គទី១ធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ សម្រាប់លេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត (ល.ខប) ចំនួន ៨ខេត្ត និងវគ្គទី២ រៀបចំឡើងនៅទីរួមខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្រាប់ ល.ខ.ប ចំនួន ៧ ខេត្ត។
ក្នុងនោះលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលប្រមូលផ្តុំតាមតំបន់ស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តីបោះឆ្នោតអំពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥” នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា គ.ជ.បពិនិត្យឃើញថា វគ្គបណ្តុះបណ្តាលប្រមូល-ផ្តុំនេះពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងការពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្រ្តីបោះឆ្នោតថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ ការទទួល និងដោះស្រាយពាក្យបណ្តឹងសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពក្នុងការដោះស្រាយពាក្យបណ្តឹងបានទាន់ពេលវេលា និងត្រឹមត្រូវតាមច្បាប់ កាត់បន្ថយជម្លោះ និងបង្កើនការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោត។
ឆ្លៀតក្នុងឱកាសនោះ លោកអគ្គលេខាធិការ គ.ជ.ប ក៏បានមានប្រសាសន៍ណែនាំដល់អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលពិសេសនេះ ត្រូវតាមដានអំពីការយល់ដឹង និងប្រសិទ្ធិភាពនៃការអនុវត្តការងាររបស់មន្រ្តីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ ពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ដើម្បីលើកយោបល់ជូន គ.ជ.ប អំពីការពិនិត្យលទ្ធភាព រៀបចំវគ្គបណ្តុះបណ្តាលប្រមូលផ្តុំនេះនៅឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
វគ្គបណ្ដុះបណ្ដាលប្រមូលផ្ដុំតាមតំបន់ដែលធ្វើឡើងនៅទីរួមខេត្តស្ទឹងត្រែង នេះ គឺមានរយៈពេលមួយថ្ងៃ ដោយមានសិក្ខាកាមសរុបប្រមាណ ១០០ នាក់ ដែលមានសមាសភាពជាប្រធាន ល.ខប ប្រធានផ្នែកសេវាកម្មច្បាប់ និងបច្ចេកទេស ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម គ្រូបង្ហាត់ទ្រឹស្ដីនៃ ល.ខប កំពង់ចាម ក្រចេះ មណ្ឌលគិរី ព្រះវិហារ រតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ និងក្រុមប្រឹក្សាសង្កាត់ទាំងអស់នៃក្រុងស្ទឹងត្រែង៕











