ភ្នំពេញ ៖ ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ដែលប្រជាជនកម្ពុជា បានទទួលរងព្រមទាំងរួមគ្នាទប់ស្កាត់ របបដ៏ឃោរឃៅ នេះកើតមានសាជាថ្មី នៅលើទឹកដីសុវណ្ណភូមិរបស់កម្ពុជា។
តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងនិងយល់ច្បាស់អំពីរឿងរ៉ាវ សោកនាដកម្មដ៏ជូរចត់ដែលបានកើតឡើង ក្នុងប្រវត្តិសាស្ត្រកម្ពុជា ។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់បានហែលឆ្លង កាត់ឈាមនិងទឹកភ្នែក ការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ហើយខ្មែរក្រហមបានបំផ្លិចបំផ្លាញ ចោលស្ទើរគ្មានសល់នូវខឿនសេដ្ឋកិច្ចជាតិ ខឿនវប្បធម៌ជាតិ និងធ្វើទារុណកម្មទាំងផ្លូវកាយនិងផ្លូវចិត្ត ចាប់បង្ខំឱ្យ ធ្វើការដូចសត្វធាតុ គ្មានអាហារគ្រប់គ្រាន់ គ្មានការព្យាបាលត្រឹមត្រូវ ជាដើម។
សម្តេចបវរធិបតី បន្ដថា ទោះពេលនេះ រឿងរ៉ាវសោកនាដកម្ម ទាំងនេះបានកន្លងផុតទៅ ហើយប្រជាជនកម្ពុជា បាននិងកំពុងរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និង ពោរពេញដោយការអភិវឌ្ឍ លើគ្រប់វិស័យក៏ដោយក្តី ប៉ុន្តែយើងទាំងអស់គ្នាមិន ត្រូវបណ្តែតបណ្តោយឬបំភ្លេច អតីតកាលដ៏ជូរចត់នេះឡើយ ។ ត្រូវរំឭក និងចងចាំជានិច្ច និងរៀបចំការពិភាក្សានានា ដើម្បីស្វែងយល់ ផ្សព្វផ្សាយ និងរួមគ្នាបង្ការនិងទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃបែបនេះ រួមទាំងសង្គ្រាម កុំឱ្យកើតមានឡើងសាជាថ្មី នៅលើទឹកដីកម្ពុជាដ៏បវររបស់យើង។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្តេចបវរធិបតី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា ដែលមិនត្រឹមតែជាបិតាសន្តិភាព ស្ថាបនិកនៃនយោបាយ ឈ្នះ ឈ្នះ និងបានបញ្ចប់កម្លាំងយោធា នយោបាយ រចនាសម្ព័ន្ធខ្មែរក្រហមទាំងស្រុងប៉ុណ្ណោះនោះទេ គឺសម្តេចតេជោ ក៏បានផ្តួចផ្តើមចរចា នាំឱ្យមាន ការបង្កើតតុលាការ ជាតិដោយមានការចូលរួមពី អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា «អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា» ដើម្បីជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបប កម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បីនាំយកការពិត និងយុត្តិធម៌ជូនជនរងគ្រោះ ទាំងអស់នៃរបបនេះទៀតផង។
លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គាំទ្រ ដល់រាល់ដំណើរការ ទាំងឡាយ របស់អង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការកម្ពុជា ចាប់តាំងពីគំនិតផ្តួចផ្តើមបង្កើតនិងគាំទ្រទាំងផ្នែកថវិកា និងសម្ភារ រហូតបានបញ្ចប់ទាំងស្រុងនូវដំណើរការកាត់សេចក្តីដោយរលូន និងមានការទទួលស្គាល់ជាអន្តរជាតិ ក្នុងបុព្វហេតុនៃការចងចាំប្រវត្តិសាស្ត្រ ក៏ដូចជាការពង្រឹង និងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ ការ ផ្សះផ្សាជាតិ និងការអភិវឌ្ឍសង្គមកម្ពុជាឱ្យបាន រឹងមាំស្ថិតស្ថេរជាយូរអង្វែង។
ឆ្លងតាមលទ្ធផល នៃការបញ្ចប់ដំណើរការតុលាការ នៅអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ព្រះរាជាណាចក្រកម្ពុជា ពិតជាបានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាសង្គមសម័យទំនើប ដោយផ្តល់ជាគំរូក្នុងការស្ថាបនាសន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវចំពោះ អំពើសាហាវឃោរឃៅដែលបានប្រព្រឹត្ត និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ នឹងត្រូវចារទុកនៅក្នុងប្រវត្តិសាស្ត្រ កម្ពុជាក្នុងសម័យទំនើប៖ សន្តិភាពតាមរយៈយុត្តិធម៌ និងយុត្តិធម៌តាមរយៈសន្តិភាព។
ជាថ្មីម្តងទៀត សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ ដែលប្រជាជនកម្ពុជាបានទទួលរង និងចេញពីបទពិសោធទាំងនេះ រួមគ្នាទប់ស្កាត់របបដ៏ឃោរឃៅនេះ កើតមាន សាជាថ្មីនៅលើទឹកដីសុវណ្ណភូមិរបស់យើង។ សូមចូលរួមគាំទ្រ និងថែរក្សាសន្តិភាព ដើម្បីឱ្យសន្តិភាពនេះ នៅស្ថិតស្ថេរ ចីរកាល ដើម្បីបង្កបរិយាកាសដ៏ល្អ ឱ្យមានការរីកចម្រើនជាបន្តទៅមុខទៀត សម្រាប់ប្រជាជនកម្ពុជា និងមនុស្ស ជំនាន់ក្រោយ»៕
