ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ ពិភពលោករីកចម្រើនទៅបាន ទាល់តែបណ្តាប្រទេស ទាំងអស់រីកចម្រើន

ភ្នំពេញ ៖ ខណៈត្រៀមដឹកនាំគណៈប្រតិភូជាន់ខ្ពស់សុខាភិបាល ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស នាល្ងាចថ្ងៃ១៧ ឧសភា ក្រោមប្រធានបទ “One World for Health” លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍រំលឹកថា «ពិភពលោករីកចម្រើនទៅបាន ទាល់តែបណ្តាប្រទេសទាំងអស់រីកចម្រើនបានដែរ» ។

ក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវចាប់ពីថ្ងៃ១៧ដល់២៨ឧសភា ។

ក្នុងនាមក្រសួងសុខាភិបាល សាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍ នៅចំពោះមុខរដ្ឋជាសមាជិក ដែលមកពីគ្រប់បណ្តា ប្រទេសលើ សកលលោក អំពីសមិទ្ធិផលធំៗ ដែលសុខាភិបាលកម្ពុជា សម្រេចបានថ្មីៗនេះ បន្ថែមទៀត រួមទាំងផែនការអាទិភាពសុខាភិបាល ដែលដាក់ទិសដៅសំដៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage Roadmap, UHC) ដែលជាការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពបឋម (Primary Health Care Enhancement) សម្រាប់ប្រជាជនកម្ពុជា ពោលគឺ “មិនទុកចោលនរណាម្នាក់មិន ទទួលបានការថែទាំសុខភាពនោះឡើយ”។

បន្ថែមពីនេះដែរ សាស្ត្រាចារ្យ រដ្ឋមន្ត្រី នឹងទទួលជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគីជាមួយ ប្រធានអង្គការសុខភាព ពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ប្រធានអង្គការអន្តរជាតិ ផ្នែកសុខភាពមួយចំនួន ពិនិត្យលទ្ធភាពក្នុង ការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការបន្ថែម សម្រេចឱ្យបាននូវផែនការ យុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចអាទិភាព សុខាភិបាល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។

សូមគូសរំលេចដែរថា មហាសន្និបាតអង្គការ សុខភាពពិភពលោក គឺជាវេទិកាពិភពលោកមួយ ដែលបណ្តារដ្ឋជាសមាជិក នៃអង្គការសុខភាពពិភពលោក ចូលរួមពិនិត្យពិភាក្សា ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងសម្រេចការងារពាក់ព័ន្ធ នឹងសុខភាពរបស់ប្រជាជនជាសកល។ មហាសន្និបាតសុខភាព ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំនៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់សុខាភិបាល នៃរដ្ឋសមាជិក របស់អង្គការសុខភាពពិភពលោក ផ្តោតលើរបៀបវារៈសុខភាព ដែលរៀបចំឡើងដោយក្រុមប្រឹក្សាប្រតិបត្តិ សម្រាប់ដាក់ជូនមហាសន្និបាតពិនិត្យពិភាក្សា និងសម្រេច៕

To Top