ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មានបានឲ្យដឹងថា ក្នុងត្រីមាសទី១នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ របស់ក្រសួងព័ត៌មាន បានរកឃើញព័ត៌មាន ក្លែងក្លាយចំនួន៨៨៤ករណី ។
ដោយសារតែការរកឃើញ នូវករណីព័ត៌មានក្លែងក្លាយនេះ អ្នកនាំពាក្យ រូបនេះបានអំពាវនាវ ជាថ្មីឲ្យសាធារណជន បន្តយកចិត្តទុកដាក់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ។ នេះបើតាមខ្លឹមសាររបស់លោកទេព អស្នារិទ្ធបានបង្ហាញក្នុងគ្រុបតេឡេក្រាមអ្នកនាំពាក្យក្រសួងព័ត៌មាននាថ្ងៃ១៩ ឧសភា ។

ក្នុងស្ថានភាពដែលបានរកឃើញព័ត៌មានក្លែងក្លាយជិត៩០០ករណីនេះ អ្នកនាំពាក្យផ្ញើសារដាស់តឿនទៅដល់ យុវជន ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និងអ្នកផលិតមាតិកា បណ្តាញសង្គមនានា គួរតែយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះឥទ្ធិពលអវិជ្ជមានដែលបង្កឡើងដោយការបង្កើត ការចែកចាយព័ត៌មាន នៅលើបណ្តាញសង្គម និងឥទ្ធិពលអាក្រក់ ដែលកើតចេញពីការប្រើប្រាស់បណ្តាញសង្គម គ្មានការទទួលខុសត្រូវ ការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ គ្មានវិជ្ជាជីវៈ និងគ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។
លោកបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ យុវជនទាំងអស់ សូមធ្វើជាពលរដ្ឋឌីជីថលល្អនៅថ្ងៃនេះនិងនៅថ្ងៃមុខ កុំបង្កើត កុំចែកចាយ ព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម រាប់ទាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើង ដោយបច្ចេកវិទ្យាសិប្បនិម្មិត (AI )”។
លោកបន្តថា ត្រូវផ្ទៀងផ្ទាត់រាល់ព័ត៌មានដែលទទួលបាន ជាពិសេសព័ត៌មានពីបណ្តាញសង្គមនានា ដើម្បីទាំងអស់គ្នាចូលរួមទប់ស្កាត់ ឈានទៅបញ្ចប់នូវព័ត៌មានក្លែងក្លាយ ដើម្បីការពារខ្លួន គ្រួសារ និងសង្គមជាតិ ។
អ្នកនាំពាក្យបន្ថែមថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយគឺសុទ្ធតែមានឥទ្ធិពលអវិជ្ជមាន មកលើសន្តិសុខសណ្តាប់ធ្នាប់ និងនយោបាយ ពោលគឺព័ត៌មាន ក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតឲ្យមានអំពើហិង្សា ដែលបណ្តាលឲ្យកើតមាន អរិយភាពក្នុងសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តមកលើថ្នាក់ដឹកនាំ ហើយអាចឲ្យសង្គមបែកបាក់សាមគ្គីភាពព្រមទាំង បង្កព្យសនកម្ម និងមហន្តរាយដែលមិនអាចនឹកស្មានដល់។
គួររំលឹកថា កាលពីឆ្នាំ២០២៤ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងបានកត់ត្រាព័ត៌មានក្លែងក្លាយសរុប ចំនួន ៣ ៦៥១ ករណី។ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាំងនេះ កាលពីថ្ងៃ១ មេសា ក្រសួងព័ត៌មាន បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងគោលបំណងដើម្បីកាត់បន្ថយ ព័ត៌មានក្លែងក្លាយមកនូវកម្រិតអប្បបរមា និងឈានទៅលុបបំបាត់នូវ ព័ត៌មានក្លែងក្លាយពីលំហក្នុងសង្គមកម្ពុជា សំដៅធានាឲ្យបាននូវសន្តិសុខព័ត៌មាននៅកម្ពុជា៕
