ព័ត៌មានជាតិ

អង្គភាពអ្នកនាំពាក្យ​ រាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៧ ស្ដីពី «កម្ពុជាឈរកាន់តែរឹងមាំ លើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ»

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាសារព័ត៌មានលើកទី៧ ស្ដីពី «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» ដោយមានការចូលរួមជាវាគ្មិន ពីសំណាក់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល និង លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ។

រយៈពេល ៣ខែ ឆ្នាំ២០២៥ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីស្នាដៃគួរឱ្យស្ញប់ស្ញែង និងសមិទ្ធផលផ្លៃផ្កា ជាច្រើនអនេក តាមរយៈកិច្ចខិតខំប្រឹងប្រែង និងភាពវាងវៃរបស់ថ្នាក់ដឹកនាំ ភាពធន់និងកាន់រឹងមាំ របស់រាជរដ្ឋាភិបាល និងតម្លៃកាន់តែលេចធ្លោរបស់កម្ពុជា នៅលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ។

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា «ទោះបីជាស្ថានភាពពិភពលោក មានភាពស្មុគស្មាញ មិនច្បាស់លាស់ ប៉ុន្តែកម្ពុជា នៅតែអាចថែរក្សាបានយ៉ាងល្អទាំងសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាសរសរគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស»។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា «ប្រទេសកម្ពុជាយើងមានសំណាង ដ្បិតកំពុងបន្តគ្របដណ្តប់ដោយសន្តិភាព និងអាចបន្តអភិវឌ្ឍ ខណៈដែលស្ថានភាពសកលនិងតំបន់កាន់តែផុសស្រួយ កាន់តែស្មុគស្មាញ មិនជាក់លាក់ទាល់តែសោះ និងប្រកបដោយគ្រោះថ្នាក់»។

សូមជម្រាបថា នៅរៀងរាល់បីខែម្តង លោក ប៉ែន បូណា និងលោក តាន់ ហ្សង់ហ្វ្រង់ស័រ តែងតែធ្វើបច្ចុប្បន្នភាព ស្តីពី វឌ្ឍនភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងម្ចាស់ប្រទេសឱ្យបានជ្រាប៕

To Top