ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
យោងតាមសេចក្ដីជូនដំណឹង ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះ ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពកំណត់យកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»។
ព្រឹត្តិការណ៍នេះ នឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ។ ដោយឡែក នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន សម្រាប់មហាជនទស្សនា នៅបរិវេណសួនច្បារ តេជោមាសតេជោយ៉ត តាមបណ្តោយផ្លូវថ្មើជើងមាត់ទន្លេចតុមុខ។
ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ សាធារណជន សមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ នានា មេត្តាជ្រាប និងចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើ ឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមក ទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត៕
