ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនៅតំបន់ឱរ៉ាល់ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗ ខណៈដែលការបើកមុខ នៃការស្វែងរកសន្តិភាព បញ្ចប់សង្គ្រាម ដោលនយោបាយឈ្នះឈ្នះ ផ្តើមចេញពីតំបន់ឱរ៉ាល់មុនគេ ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងនយោបាយឈ្នះឈ្នះ របស់អគ្គមគ្គុទ្ទេសក៍ឯកសន្តិភាព សម្តេចតេជោ ធ្វើឡើងស្របពេលដែលថ្ងៃទី២០ ឧសភា ឆ្នាំ២០២៥នេះ គឺចំថ្ងៃនៃ ការប្រារព្ធនូវទិវាជាតិនៃការចងចាំ ដែលសំដៅដល់ការរំលឹកឡើងវិញ នូវសោកនាដកម្ម ដែលបង្ករឡើងដោយ របបខ្មែរក្រហម កាលពីអតីតកាល ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់ បានស្លាប់បាត់បង់ជីវិត ។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា គឺជារឿងចៃដន្យ ដែល៣ថ្ងៃមុន និងថ្ងៃនេះ សម្តេចផ្ទាល់ បានអញ្ជើញសម្ពោធសមទ្ធផល នៅកន្លែងដែលជាអតីតខ្មែរក្រហម និងជាកន្លែងដែលធ្លាប់តែស៊ីសាច់ហត់ឈាម រវាងខ្មែរនិងខ្មែរ ពោលនៅស្រុកវាលវែងខេត្តពោធិ៍សាត់ និងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺតែម្តង ។
ក្នុងនោះសម្តេចធិបតី បានថ្លែងថា សមទ្ធផលនានា ដែលសម្តេចបានអញ្ជើញសម្ពោធទាំងនៅឱរ៉ាល់ និងស្រុកវាលវែង គឺជាមោទភាពមួយ ដែលកើតចេញពីមនុញ្ញផលនៃសន្តិភាព ខណៈដែលមានអ្នកខ្លះធុញ និងស្អប់ពាក្យអរគុណសន្តិភាព ត្រូវបានសម្តេច ឱ្យពិចារណា និងមកទីនេះ (វាលវែង និងឱរ៉ាល់) ឃើញសមទ្ធផលនាថ្ងៃនេះ ហើយត្រឡប់ទៅគិតពីអតីតកាលវិញ បានដឹងថាត្រូវអរគុណសន្តិភាព ដែលអាចរស់នៅដោយសេចក្តីសុខ ។
ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់អ្នកស្អប់ និងរិះគន់ពាក្យសន្តិភាពថា អ្នកទាំងនោះមានសមត្ថភាព ឡើងស្រែករិះគន់ ស្អប់សន្តិភាព តាមហ្វេសប៊ុក និងមានលុយទិញទូរសព្ទឆ្លាតវៃទាំងនេះ គឺដោយសារកត្តាដែលបង្កដោយសុខសន្តិភាព នេះគឺជាការពិត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “នៅតំបន់ឱរ៉ាល់នេះ យើងអាចថា នយោបាយឈ្នះ ឈ្នះ មានលក្ខណៈពិសេស នៅតំបន់ឱរ៉ាល់នេះ ជាងតំបន់ផ្សេងៗ ដោយសារឈ្នួនសន្តិភាព ដែលសម្តេចតេជោប្រកាស គឺចេញពីតំបន់ឱរ៉ាល់ ឆ្នាំ៩៦មុនគេ នៅខែ២ឆ្នាំ៩៦ គឺកងពល១៨ ឯកឧត្តម កែវ ពង្ស គាត់ប្រកាសសមាហរណកម្មជាផ្លូវការតែម្តង ចូលជាមួយរាជរដ្ឋាភិបាល ហើយបានចាប់ផ្តើមផ្ទុះពីនេះទៅ រាលដល់តំបន់ផ្សេងៗទៀត ដែលបញ្ចប់នូវខាងទិសភូមិភាគ៥ ។ ចឹងកន្លែងនេះគឺជាការចាប់ផ្តើម នៃឈ្នួនសន្តិភាព បានន័យថា ជាការបើកមុខ នៃការស្វែងរកសន្តិភាព បញ្ចប់សង្គ្រាម ដោលនយោបាយឈ្នះឈ្នះ ដោយអ្នកឱរ៉ាល់ជាអ្នកចូលរួម ជាពិសេសកងពលដែលនៅឈជើងនៅទីនេះ”៕
