ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ៖ ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងភ្ជាប់ជើងហោះហើរ ត្រង់មកកាន់កម្ពុជា

ភ្នំពេញ៖ លោក Boru Tilahun Ejetta អ្នកគ្រប់គ្រងតំបន់ឥណ្ឌូចិន បានគូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន និងផ្តល់អត្ថប្រយោជន៍ ដល់វិនិយោគិន ។

ការបញ្ជាក់របស់លោក Boru Tilahun Ejetta ខាងលើនេះ ធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាឱ្យជួបសម្តែងការគួរសម និង ពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងកម្ពុជាជាមួយក្រុមហ៊ុន អាកាសចរណ៍កាតា ការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ក្រុមហ៊ុនអាកាសចរណ៍កាតា និងកិច្ចសហប្រតិបត្តិការលើការ ផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកិច្ចសហការ ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា តាមរយៈសម្ភារៈផ្សព្វផ្សាយទេសចរណ៍ លើយន្តហោះមានដូចជា ទស្សនាវដ្ដី និងបណ្ណផ្នត់ និងផ្សព្វផ្សាយវីដេអូទេសចរណ៍ ក្នុងជើងហោះហើរផងដែរ។

ក្នុងជំនួបដ៏មានសារៈសំខាន់ខាងលើនេះ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយក្រុមហ៊ុនអាកាសចរណ៍កាតា នឹងជួយផ្សព្វផ្សាយគោលដៅ ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ពិសេសនៅខេត្តសៀមរាប ដើម្បីជំរុញលំហូរភ្ញៀវ រវាងប្រទេសទាំងពីរ និងភ្ញៀវមកពីប្រទេសទីបី ។
ជាមួយគ្នានេះ ក្រុមហ៊ុននឹងសហការ ជួយផ្សព្វផ្សាយគោលដៅ ទេសចរណ៍កម្ពុជា អំឡុងពេលរដូវកាលបៃតង (Green Season) និង ការតភ្ជាប់ជើងហោះហើរ ទៅកាន់តំបន់សក្តានុពល ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដោយបង្កើត កម្មវិធីប្រម៉ូសិនបញ្ចុះតម្លៃជើងហោះហើរចូលមកកម្ពុជា និងសហការផលិតវីឌីអូខ្លីៗ អំពីរដូវកាលបៃតងនូវកម្ពុជា ក៏ដូចជាគោលដៅទេសចរណ៍ Muslim Friendly ផ្សព្វផ្សាយក្នុង Page ឬ Channel របស់ក្រុមហ៊ុនផងដែរ៕

To Top