ភ្នំពេញ៖ លោក ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើង ត្រូវទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និងស្នាមខ្ចៅដៃឲ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ នឹងបន្តរហូតដល់ថ្ងៃទី២៦ ខែឧសភា នៅតាមសាលា ឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ ដែលពេលព្រឹកចាប់ពីម៉ោង៧:០០ ដល់ម៉ោង១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង២:០០ ដល់ម៉ោង៥:៣០នាទីល្ងាច រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ការអំពាវនាវនេះរបស់លោក ជឺ ចំណាន បានធ្វើឡើងនៅក្នុងឱកាសដែលលោក អញ្ជើញទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ នៅសាលាសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ។
លោក ជឺ ចំណាន បានថ្លែងថា ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោត អចិន្ត្រៃយ៍ ដូចដែលយើងបានធ្វើជារៀងរាល់ឆ្នាំ។ ដោយចាប់ផ្តើមពីឆ្នាំ២០២៥ នេះតទៅ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានបន្ថែមចំណុចសំខាន់ថ្មីមួយ នុះគឺការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមខ្ចៅដៃ) ក្នុងបញ្ជីបោះឆ្នោត សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ (ចុះឈ្មោះមុនឬត្រឹមឆ្នាំ២០១៦) ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព ដោយធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។
លោកបានបន្តថា ប្រជាពលរដ្ឋដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង ៦លាននាក់ ខណៈប្រជាពលរដ្ឋដែលបានប៉ាន់ស្មានត្រូវចុះឈ្មោះថ្មីមានជាង២២ម៉ឺននាក់។ ការធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីបោះឆ្នោតសម្រាប់ឆ្នាំ២០២៥ គឺអនុញ្ញាតឱ្យអ្នកមានឈ្មោះក្នុងបញ្ជី សុំកែតម្រូវទិន្នន័យក្នុងករណីមានកំហុសឆ្គង ឬសុំផ្លាស់ប្តូរទីលំនៅ (សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទូទៅ) ធ្វើបច្ចុប្បន្នភាពលើរូបថតនិងស្នាមខ្ចៅដៃ (សម្រាប់អ្នកបានចុះឈ្មោះលើសពី១០ឆ្នាំ) និងចុះឈ្មោះថ្មី (សម្រាប់អ្នកមិនទាន់បានចុះឈ្មោះមកពីមុន និងអ្នកទើបនឹងគ្រប់អាយុ១៨ឆ្នាំ)។
អនុប្រធាន គ.ជ.ប រូបនេះ បានបន្ថែមថា ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត នៅតាមសាលា ឃុំ សង្កាត់ ឬទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។ ដោយឡែក ចំពោះអ្នកដែលត្រូវធ្វើបច្ចុប្បន្នភាព ទៅលើទិន្នន័យជីវមាត្រលើរូបថតថ្មី និងខ្ចៅដៃថ្មី គឺត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើ ឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ដែលបានប្រើពេលចុះឈ្មោះបោះឆ្នោតពីមុន ដោយមានឈ្មោះ និងទិន្នន័យត្រឹមត្រូវ និងបង្ហាញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត ប្រសិនបើមាន៕







