ព័ត៌មានជាតិ

ប្រជាពលរដ្ឋខ្មែរគ្រប់រូប នៅតែចាំមិនភ្លេច ពីសោកនាដកម្មប្រល័យ ពូជសាសន៍ របស់ពួកខ្មែរក្រហម ទោះបីកន្លងផុតប្រមាណ៤៦ឆ្នាំក្តី

ភ្នំពេញ ៖ ក្នុងឱកាសខួបលើកទី៨ នៃទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បាននិមន្តព្រះសង្ឃចំនួន១០៨អង្គ បង្សុកូលរាប់ បាត្រនៅ មជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ដើម្បីឧទិ្ទសកុសលជូនវិញ្ញាណខន្ធ័ជនរងគ្រោះ ជាង៣លាននាក់ ដែលត្រូវបាន មក្រុម ប៉ុល ពត សម្លាប់យ៉ាងរង្គៀល ប្រែក្លាយកម្ពុជា ជាគំនរឆ្អឹង ស្ទឹងទឹកភ្នែក បន្សល់ទុកជនជរា, ស្រ្តីមេម៉ាយ, ក្មេងកំព្រា ហេដ្ឋារចនាសម្ពន្ធ័ជាតិទាំងមូល ត្រូវបានបំផ្លាញដល់ក្រោមសូន្យ។

ពិធីខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយបានបង្ហាញថា ប្រជាជនកម្ពុជា គ្រប់រូបនៅតែចងចាំមិនភ្លេច ចំពោះសោដនារបស់ពួកឃាដករ អាវខ្មៅរយះពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះឡើយ ទោះបីស្រមោលអន្ទកាលនេះ បានកន្លងផុតទៅជាង៤៦ឆ្នាំទៅហើយក្តី។

យោងតាមការអាន​សារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបលើកទី៨ នៃទិវាជាតិនៃការចងចាំ នៅថ្ងៃទី២០ឧសភា ឆ្នាំ២០២៥ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ បានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងជាការលើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ ជីវិតក៏ដោយ ។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ទៅជា «ទិវាជាតិនៃការចងចាំ» ដោយបានកំណត់យកថ្ងៃទី២០ ខែឧសភា នេះជា «ទិវាជាតិនៃការចងចាំ» ។ មូលហេតុនៃការកំណត់យកថ្ងៃ ២០ ឧសភា ជាទិវាជាតិនៃការចងចាំ មានពីរ៖ ទី១-ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើត សហករណ៍ ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិ ឯកជន នៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះ ដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម។ គោលនយោបាយនេះត្រូវបានចាប់ផ្តើមអនុវត្តជាថ្មីឡើងវិញនៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រង អំណាចចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទី២-មុនពេលឈានដល់ថ្ងៃ ជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺ នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមមេ ដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំផែនការ និងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ជាទ្រង់ទ្រាយធំ ដែលក្នុងនោះ រួមមាន ការជម្លៀសដោយ បង្ខំពីទីក្រុងនិងភូមិនានា ពលកម្មដោយបង្ខំ និងការធ្វើបាបនៅតាមការដ្ឋានការងារ និងសហករណ៍ ការចាប់ខ្លួន តាមអំពើចិត្ត ការធ្វើទារុណកម្ម ការបាត់ខ្លួននិងការសម្លាប់ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរើសអើង ប្រឆាំងនឹងក្រុមមនុស្សមួយចំនួនដែលពួកគេចាត់ទុកថាជាខ្មាំង។

គួរបញ្ជាក់ថា តាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដោយឈរលើស្មារតីសាមគ្គីភាព និងឯកភាពជាតិក្នុងគោលដៅបង្រួបបង្រួមប្រជាជាតិទាំងមូល ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់សង្គ្រាមរាំរ៉ៃ ដោយពុំមានការបង្ហូរឈាមជាតិសាសន៍ឯង សំដៅស្តាឡើងវិញ រក្សាបាននូវសន្តិសុខនិងសុខសន្តិភាព ជូនប្រជាជន ហើយជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ ស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។ ជាង៣ទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ខ្ពង់ខ្ពស់ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ ឈ្នះ បានប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជា ប្ទេសមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែលមិនធ្លាប់មានជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ៕

To Top