ព័ត៌មានជាតិ

ករណីតវ៉ារបស់កម្មករ​ ក្នុងរោងចក្រគល័រ ត្រូវបានដោះស្រាយបញ្ចប់ ក្រោមការដោះស្រាយលឿន រហ័សពីក្រសួងការងារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមការសម្របសម្រួលសារជាថ្មី របស់ក្រសួងការងារធ្វេីឱ្យ ករណីតវ៉ារបស់កម្មករ ក្នុងរោងចក្រគល័រ ត្រូវបានដោះស្រាយបញ្ចប់ក្រោមការដោះស្រាយលឿនរហ័សដោយភាគីទាំងពីរ បានឯកភាពទូទាត់ចំនួន ៤ចំណុច ស្របទៅតាមច្បាប់ ដើម្បីបញ្ចប់វិវាទ ដូចខាងក្រោម៖ ១. ប្រាក់ឈ្នួលដែលមិនទាន់បានបើក ២. ប្រាក់បំណាច់ទូទាត់ជួសការ ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន និង៤. ប្រាក់បំណាច់អតីតភាពការងារ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា “តាមរយៈដំណោះស្រាយជាបន្តបន្ទាប់របស់ក្រសួងដែលលឿនរហ័សដូចក្នុងករណីនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនកម្មករកម្មការិនីនិងសាធារណជនមេត្តាជ្រាបថាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានឯកឧត្តម ហេង សួរ ជារដ្ឋមន្ត្រី និងជាសេនាធិការ ជូនរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាប្រមុខ មិនដែលបណ្ដែតបណ្ដោយ ព្រងើយកន្តើយ ចំពោះបញ្ហា របស់បងប្អូនកម្មករកម្មការិនី ក៏ដូចជានិយោជកនោះទេ និងផ្តល់ដំណោះស្រាយលឿន រហ័សស្របតាមច្បាប់ ដែលធានាប្រយោជន៍ជូនទាំងកម្មករ និងនិយោជក”។

ក្រសួងតាមរយៈមន្ត្រីជំនាញរបស់ខ្លួន បានយកចិត្តទុកដាក់នៅតម្កល់ផលប្រយោជន៍ របស់កម្មករ និងនិយោជកស្របតាមច្បាប់ដែលមានចែង។ នេះបើតាមលោក ស៊ុន មេសា ដដែល។

ជាមួយគ្នានេះ អ្នកនាំពាក្យបានអំពាវនាវ សូមបងប្អូនកម្មករកម្មការិនីនិងសាធារណជនទាំងអស់សូមបន្តជឿជាក់ និងទុកចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕

To Top