ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះសម្ព័ន្ធសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម(SME)នៅកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា និងផ្តល់ការងារដល់ពលរដ្ឋ ។
ការបង្ហាញការពេញចិត្ត របស់សម្តេចតេជោ ធ្វើឡើងនាឱកាសសម្តេចអនុញ្ញាត ឲ្យប្រតិភូសម្ព័ន្ធសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម ចូលជួបសម្ដែងការគួរសម នាថ្ងៃ២០ ឧសភា ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹង ក្រោយបញ្ចប់កិច្ចជំនួបថា ក្នុងឱកាសនោះសម្តេចតេជោ បានសម្តែងការរីករាយ ចំពោះសមិទ្ធផលដែលសមាគមមូលនិធិ សម្តេចតេជោ បានរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការជួយផ្តល់ការងារដល់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យព្រឹទ្ធសភា គូសបញ្ជាក់ថា “ជាពិសេសសម្តេចតេជោ បានបង្ហាញការពេញចិត្ត ចំពោះសកម្មភាពរបស់សមាគម ដែលបានរួមចំណែកក្នុងការ ជួយបណ្តុះបណ្តាលដល់ការពង្រឹង និងពង្រីកនូវសមត្ថភាព របស់សហគា្រសធុនតូច និងមធ្យមនៅ ក្នុងប្រទេសកម្ពុជា ពីការគ្រប់គ្រងធនធានមនុស្ស និងការទទួលបាននូវកម្ចី ពីស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាល ដើម្បីឱកាសក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន”។

បើតាមអ្នកនាំពាក្យ សម្តេចតេជោ ក៏បានបញ្ជាក់ពីសារៈសំខាន់របស់សហគ្រាសធុនតូច និងមធ្យមដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកក៏ដូចជាការ ជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជា ។

សម្តេចប្រធានព្រឹទ្ធសភា មានប្រសាសន៍ទៀតថា ក្នុងចំណោមសហគ្រាសធុនតូច និង មធ្យមទាំងអស់នៅកម្ពុជា មានប្រមាណជា៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់ ជាង៧០ម៉ឺនសហគ្រាស បានផ្តល់ការងារដល់ពលរដ្ឋជាង៧០% នៃកម្លាំងពលកម្មសរុប ដែលមានជាង២លាននាក់ ៕


