ភ្នំពេញ៖ ក្នុងឱកាសធ្វើដំណើរកម្មសិក្សា ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅក្នុងប្រទេសកម្ពុជា គណៈប្រតិភូនគរបាលប្រទេសឥណ្ឌូនេស៊ី បានអះអាងថា សន្តិសុខនៅក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរ គឺខុសពីអ្វីដែលធ្លាប់បានលឺ ពីការផ្សព្វផ្សាយនូវព័ត៌មានមួយចំនួន ដែលធ្លាប់បន្ទុចបង្អាប់កម្ពុជាកន្លងមក។

ក្នុងពិធីទទួលជួបពិភាក្សាការងារជាមួយប្រតិភូសាធារណរដ្ឋឥណ្ឌូនេស៊ី និងចែករំលែកបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ តំណាងគណៈប្រតិភូនៃវិទ្យាស្ថានអប់រំ និងបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី បានលើកឡើងថា សុវត្ថិភាព គឺជារឿងចម្បងមួយដែលសំខាន់ ហើយចំពោះសុខសុវត្ថិភាព នៅក្នុងប្រទេសកម្ពុជា គឺខុសពីអ្វីដែលគណៈប្រតិភូឥណ្ឌូនេស៊ីបានគិតពីមុន ព្រោះពេលមកដល់កម្ពុជា ឃើញថាសន្តិសុខមានភាពល្អប្រសើរ ហើយនៅពេលត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញ នឹងផ្សព្វផ្សាយពីដំណឹងនេះ ទៅកាន់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី ខណៈគណៈប្រតិភូបានចាត់ទុកថា កម្ពុជាដូចជាផ្ទះរបស់ខ្លួន ។

ចំពោះគោលបំណង នៃទស្សនកិច្ចនៅពេលនេះ គឺចង់ដឹងនូវព័ត៌មាន នៃការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលមានដូចជា ការដោះស្រាយបញ្ហា ការបញ្ជូន និងការទទួល ពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗ ដែលអនុវត្តទៅតាមទិដ្ឋភាពច្បាប់ ឬការអនុត្តតាមច្បាប់នៃប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា កម្ពុជា គឺទទួលស្គាល់ថា ចំពោះបទល្មើសអំពើជួញដូរមនុស្ស គឺធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក៏កម្ពុជាមិនដែលព្រងើយកន្ដើយនោះឡើយ គឺតែងតែចង់បង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះជានិច្ច ឲ្យតែទទួលបាននូវព័ត៌មាន ជាមួយនឹងវិធានការអនុវត្តយ៉ាងតឹងរឹងនូវច្បាប់ដែលមាន ។

ជាមួយនេះ លោកស្រី ក៏បានបង្ហាញនូវការស្វាគមន៍ ចំពោះសំណើរបស់ភាគីឥណ្ឌូនេស៊ី ដល់ចង់ដឹងពីបទពិសោធន៍ នៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ រួមជាមួយនឹងការប្ដេជ្ញា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី លើការងារទប់ស្កាត់អំពើឆ្លងដែនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសជាច្រើនទៀត ដើម្បីការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ និងពិភពលោកទាំងមូល ។
គួរបញ្ជាក់ថា គណៈប្រតិភូឥណ្ឌូនេស៊ី ដែលមកធ្វើកម្មសិក្សាពាក់ព័ន្ធនឹងការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស មានចំនួន ៤១នាក់ ក្នុងនោះមានមន្ត្រីយោធា មន្ត្រីបង្ក្រាបបទល្មើសបច្ចេកវិទ្យា មន្ត្រីតុលាការ និងមន្ត្រីអគ្គស្នងការនគរបាលឥណ្ឌូនេស៊ី៕
