ព័ត៌មានជាតិ

សម្ដេចធិបតី អញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់ វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រ ជូននិស្សិត និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ

ភ្នំពេញ៖​ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ ។

ដើម្បីលើកកម្ពស់គុណភាពអប់រំ កត្តាពាក់ព័ន្ធចំនួន ៥ ដែលត្រូវយកចិត្តទុកដាក់រួមមាន៖ គ្រូបង្រៀន, សិស្ស, សាលារៀន, មាតាបិតា, និងគោលនយោបាយ។ កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា និងលេខាធិការដ្ឋាន នៃគណៈកម្មការជាតិ ជំរុញការអនុវត្តកំណែ ទម្រង់ក្នុង វិស័យអប់រំ (គ.វ.អ.) បានជ្រើសរើសសាលារៀន ដើម្បីផ្តល់ការគាំទ្រ និងវាយតម្លៃ ជាសាលារៀន គំរូ។ ជាមួយគ្នានេះ ក្រសួងបាននិងកំពុងរៀបចំយុទ្ធសាស្ត្រ បង្រៀនពេញមួយថ្ងៃ តាមរយៈ ការលើកកម្ពស់អំណានបន្ថែម ការធ្វើស្វ័យសិក្សាដោយប្រើប្រាស់សន្លឹកកិច្ចការ កម្មវិធីកីឡា ការងារសង្គម ការបង្រៀនសិល្បៈ និងវប្បធម៌ខ្មែរ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបរវរធិបតីនាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ លេខាធិការដ្ឋាន (គវអ) បាន ពង្រីកចំនួនសាលារៀនគោលដៅដោយប្រើប្រាស់យុទ្ធសាស្ត្រផ្ការីក ដែលគិតត្រឹមឆ្នាំសិក្សា ២០២៤-២០២៥នេះ មានចំនួន ១៦១ ដោយបានផ្តោតលើការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ចំនួន ២ ម៉ោងបន្ថែម រួមមានវិន័យ សីលធម៌ ចរិយាធម៌ ការងារស្ម័គ្រចិត្ត និងការចូលរួមពី សហគមន៍។

នៅក្នុងបរិវេណ នៃវិទ្យាស្ថានជាតិអប់រំទាំងមូល ដែលមានផ្ទៃក្រឡាសរុប២៧,១៩៨ម៉ែត្រ ក្រឡា ទទួលបានការ កែលម្អទាំងស្រុង ទាំងក្នុង និងក្រៅបរិវេណ ដូចខាងក្រោម៖ ទី១) ការសាងសង់អគារសិក្សា មហាវិទ្យាល័យគរុកោសល្យ មួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ អគារសិក្សានេះរួមមាន បន្ទប់សិក្សា ៣៦, បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ ៤, បន្ទប់កុំព្យូទ័រ២ មានកុំព្យូរទ័រ៦០គ្រឿង, មជ្ឈមណ្ឌលសិក្សា អេឡិចត្រូនិក, បន្ទប់សាស្ត្រាចារ្យ, បន្ទប់គណៈគ្រប់គ្រង មហាវិទ្យាល័យគរុកោសល្យ និងដេប៉ាតឺម៉ង់ទាំង៣, បណ្ណាគារ, គរុកាហ្វេ, និងអាហារដ្ឋាន ។ គ្រប់បន្ទប់រៀនទាំង អស់ត្រូវបានបំពាក់សម្ភារៈថ្នាក់រៀនវៃឆ្លាត និងឧបករណ៍បច្ចេកវិទ្យា ដើម្បីគាំទ្រដល់ ការបណ្តុះបណ្តាលសតវត្សរ៍ទី២១។ អគារនេះមានចំណតរថយន្តក្រោមដីមួយជាន់៕

To Top