ព័ត៌មានជាតិ

១០ថ្ងៃមន្ត្រីមូលដ្ឋាន ផ្សព្វផ្សាយគោល នយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង ៣ពាន់លើកទូទាំងប្រទេស

ភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃ មន្រ្តីអាជ្ញាធរមានសមត្ថកិច្ច បានបន្តធ្វើសកម្មភាពផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាង ៣ពាន់លើក។

បើតាមរបាយការណ៍ របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ការផ្សព្វផ្សាយគោលនយោបាយនេះ បានធ្វើឡើងនៅតាមវេទិកា សាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងកម្មវិធីនានា ដែលមានប្រជាពលរដ្ឋ ចូលរួមសរុបជាង ១សែននាក់។

អ្នកនាំពាក្យរងក្រសួង មហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ មានប្រសាសន៍ថា ការផ្សព្វផ្សាយគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ដើម្បីបំផុសឱ្យមានការចូលរួមទប់ស្កាត់អំពើរល្មើស បញ្ហាសង្គម ព្រមទាំងបង្កើនសុខដុមនីយកម្មក្នុងសង្គម។

សូមបញ្ជាក់ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពមានលក្ខណៈសម្បត្តិ៧ រួមមាន ១.ការផ្ដល់សេវាសាធារណៈ ២.ទប់ស្កាត់បទល្មើសក្នុងសង្គម ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ៥.ដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ៦.ការងារអនាម័យនិងបរិស្ថាន និង៧.ឆ្លើយតបបានទាន់ ពេលវេលាចំពោះគ្រោះមហន្តរាយនិងជំងឺរាតត្បាតកាចសាហាវ៕

To Top