ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សម្ដេច ចង់ឃើញស្នាដៃស្រាវជ្រាវ និក្ខេបបទ របស់និស្សិតខ្មែរ រៀនចប់នៅក្នុងក្រៅប្រទេស ត្រូវបានយកទៅដាក់ ក្នុងបណ្ណាល័យទូទាំងប្រទេស ដើម្បីសម្រាប់អ្នកជំនាន់ក្រោយ និងជាពិសេស ដើម្បីជាឯកសារយោង ជៀសវាងការស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរសោះ តែទៅពឹងលើឯកសាររបស់បរទេស ។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងប្រាប់គ្រូបង្រៀងថា ធ្វើគ្រូទាល់តែចេះ១១០% មិនអាចពឹងលើ Chat GPT ឬកម្មវិធីថ្មីជួយបង្រៀនជំនួស ១០០%នោះទេ។
សម្តេចបវរធិបតី ថា «ធ្វើគ្រូត្រូវចេះ ១០១% ធ្វើសិស្សអាចចេះ ៩៩% ម៉ាមេរៀនៗ យើងត្រូវត្រៀមលក្ខណៈ ១០១ ឬ១១០% ព្រោះយើងមិនអាចទៅឱ្យសិស្សសួរស្អីដែរយើងកត់នោះទេ គាត់សួរបែក គាត់សួរអ្វីបន្ថែមទៀត។ យើងត្រូវមានលទ្ធភាពដោះ»។
សម្តេចបវរធិបតី បន្ដថា «អញ្ចឹងការស្រាវជ្រាវ រៀបចំនូវឯកសារ ហើយជាពិសេស ខ្ញុំចង់ឃើញនូវស្នាដៃ និងលទ្ធផល របស់និស្សិត របស់បញ្ញវន្តយើង របស់កូនខ្មែរ ជាច្រើន ឯកសារនៅក្នុងប្រទេសយ៉ាងហោចណាស់ បណ្ណាល័យក្នុងប្រទេសរបស់យើង ឱ្យមានកាន់តែច្រើន ជៀសជាងស្រាវជ្រាវប្រវត្តសាស្ដ្រខ្មែរ នៅលើទឹកដីខ្មែរ សុទ្ធតែសៀវភៅបរទេស សរសេរឱ្យទៀត»។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានជឿជាក់យ៉ាងមុតមាំថា និស្សិត និងគរុនិស្សិតជ័យលាភីទាំងអស់ នឹងខិតខំពុះពារ ជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ បុគ្គលិកល្អ, ដោយប្រើនូវចំណេះ និង ជំនាញពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការ, វិជ្ជាជីវៈ, សីលធម៌ល្អ និង ការដាក់ខ្លួនបម្រើប្រជាជនដោយស្មោះស ដើម្បីបុព្វហេតុជាតិមាតុភូមិ។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា រាជរដ្ឋាភិបាល ផ្ដល់អាទិភាពខ្ពស់ចំពោះវិស័យអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសារការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះដឹងទូលំទូលាយ, ជំនាញច្បាស់លាស់ និង សីលធម៌វិជ្ជាជីវៈ អាចធានានូវប្រសិទ្ធភាព, បរិយាប័ន្ន និង ចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង នៃទីផ្សារការងារ, ទាំងក្នុងស្រុក, តំបន់ និងសកល៕
