ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងវិភាជថវិកាជាតិយ៉ាងច្រើន សម្រាប់កសាង មូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអប់រំ ជាក់ស្ដែងគ្រឹះស្ថាន បណ្ដុះបណ្តាលធនធានមនុស្ស ទាំងរដ្ឋ និងឯកជន កំពុងរីកលូតលាស់ យ៉ាងឆាប់រហ័ស។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ជាក់ស្ដែងអ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹង មិនចេះរីងស្ងួត» សម្រាប់មួយជីវិត ដែលអាចយក ទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯង និងក្រុមគ្រួសារ ក្រោមរូបភាពជាការងារ, ការវិនិយោគ ឬសហគ្រិនភាព។
សម្តេចបវរធិបតី បន្ដថា ជាមួយគ្នានេះ, ការអប់រំបង្កើតឱ្យមានផល ប្រយោជន៍សម្រាប់សង្គមជាតិជាច្រើន។ ភស្តុតាងជាអន្តរជាតិបង្ហាញថា ប្រជាជនដែលមានការអប់រំខ្ពស់, មានសុខភាពល្អ, មានសីលធម៌, មានសុភមង្គលក្នុងគ្រួសារ, និង «ជាទ្រព្យ សកម្ម, និង មិនមែនជាបន្ទុក របស់សង្គមជាតិ។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «រាជរដ្ឋាភិបាល បាននិងកំពុងវិភាជថវិកាជាតិយ៉ាងច្រើន សម្រាប់កសាងមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអប់រំ មានជាអាទិ៍៖ គ្រឹះស្ថានឧត្តមសិក្សា, មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស, សាលារៀន, បណ្ណាល័យ ជាដើម»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ជាលទ្ធផល, គ្រឹះស្ថានបណ្ដុះបណ្តាលធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន បាននិងកំពុងរីកលូតលាស់ឆាប់រហ័ស ហើយគុណភាពនៃការអប់រំបណ្តុះបណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំង តាមរយៈ ការកើនឡើងនូវចំនួនសិស្ស-និស្សិតកម្ពុជា ចូលរួម និង ទទួលបាន ជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្មនិង គណិតវិទ្យា ទាំងនៅកម្រិតតំបន់ និងអន្តរជាតិ៕
