ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យជ្រើសរើស មន្ត្រីកិច្ចសន្យា ក្របខណ្ឌពិសេស ក្នុងវិស័យ២ ដែលអាចទទួលអត្ថប្រយោជន៍ ដូចមន្ត្រីក្របខណ្ឌទូទៅ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្តេចទើបតែចុះហត្ថលេខា លើអនុក្រឹត្យថ្មីមួយ ដើម្បីផ្តល់អទិភាពដល់វិស័យអប់រំ និងសុខាភិបាល ក្នុងការជ្រើសរើសមន្ត្រីកិច្ចសន្យា ដែលជាក្របខណ្ឌកិច្ចសន្យាពិសេស ឬកិច្ចសន្យាបច្ចេកទេស ដែលអាចទទួលបានអត្ថប្រយោជន៍នានា ដូចទៅនឹងមន្ត្រីក្របខណ្ឌទូទៅផងដែរ ។

ការសម្រេចឱ្យមានការជ្រើសរើស និងផ្តល់ក្របខណ្ឌកិច្ចសន្យា ដែលមានអត្ថប្រយោជន៍ច្រើនបែបនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាការសាកល្បងលើវិស័យអទិភាព២ ដែលសំខាន់ គឺវិស័យអប់រំ និងសុខាភិបាល តែសម្រាប់បញ្ចូល ក្នុងលក្ខ័ខណ្ឌនៅមូលដ្ឋាន តំបន់ដាច់ស្រយាល និងជនបទតែប៉ុណ្ណោះ ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល​ កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី មានប្រសាសន៍ថា “ល្ងាចមិញនេះ ខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យមួយ កិច្ចការងារនេះយើងបានធ្វើតាំងពីដើមអាណត្តិមក ដែលគិតគូនៅក្នុងការកង្វះ នូវវិស័យអទិភាព២ គឺអប់រំ និងសុខាភិបាល នៅមូលដ្ឋាន ចឹងយើងរៀបចំនិយាមថ្មី​នៅក្នុងការបើកច្រកបន្ថែមទៀត សម្រាប់ជ្រើសរើស អ្នកដែលមានគុណវុឌ្ឍ ចូលជាក្របខណ្ឌកុងត្រា ដូចកិច្ចសន្យា ប៉ុន្តែជាកិច្ចសន្យាបច្ចេកទេស ដែលយើងគិតគូរ ពីក្របខណ្ឌបៀវត្សរ៍ គិតគូពីក្របខណ្ឌអត្ថប្រយោជន៍អ្វី ស្រដៀងនឹងមន្ត្រីក្របខណ្ឌ តែមិនមែនក្រប ខណ្ឌនោះទេ ហើយក៏មិនជាប់នៅក្នុងលក្ខន្តិកៈ អាចលើសអាយុ៣០, ៤០ឆ្នាំឬមួយអី បើសិនគាត់មានគុណវុឌ្ឍ ហើយយើងសាកល្បង នៅក្នុងវិស័យ២នេះ ឱ្យអនុវត្តចាប់ផ្តើមដំបូង ដោយផ្តោតទៅលើ វិស័យអប់រំ ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ ខាងសុខាភិបាលគឺសម្រាប់ប៉ុស្តិ៍សុខភាព រហូតដល់ពេទ្យបង្អែកស្រុក” ។

ដោយឡែកសម្តេចធិបតី បានបញ្ជាក់ដែរថា ចំពោះការប្រើប្រាស់ រូបមន្តសព្វថ្ងៃក្នុងការជ្រើសរើស គឺមានការពិបាក ក្នុងការទាញ អ្នកដែលមានគុណវុឌ្ឍចូល ដោយសារការផ្តល់ក្របខណ្ឌ អាចលើសអាយុ ចំណែកបើឱ្យកិច្ចសន្យាធម្មតា ប្រាក់ខែទាបពេក ក៏មិនមានអ្នកទៅដែរ ។

ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា ត្រូវបានសាកល្បងហើយ នៅក្នុងខេត្តប៉ែលិន ដែលជាកម្មវិធីសាកល្បងមួយ សម្រាប់វិស័យអប់រំ និងសុខាភិបាល ។

បន្ថែមលើនេះ សម្តេចធិបតី​ ហ៊ុន ម៉ាណែត បញ្ជាក់ថា បើសិនអនុវត្ត ទៅជោគជ័យ នឹងកែសម្រួល ដើម្បីបំពេញមុន នឹងអនុវត្តលើវិស័យផ្សេងៗទៀត ខណៈកិច្ចការទាំងអស់នេះ គឺដើម្បីធានាបរិមាណ​ និងគុណភាព ដោយមិនអាចគិតពីគុណភាព តឹងរឹងពេក ហើយនាំ​ឱ្យខ្វះបរិមាណ៕

To Top