ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង ការពារជាតិ លោក ឈុំ សុជាតិ បានច្រានចោល ចំពោះការចោទប្រកាន់ របស់របាយការណ៍ភាគី សហរដ្ឋអាមេរិកពាក់ព័ន្ធ នឹងមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹកកម្ពុជា ។
ការច្រានចោលរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីវិទ្យុអាស៊ីសេរី នាថ្ងៃ២០ ឧសភា បានចេញផ្សាយថា “មជ្ឈមណ្ឌលស្រាវជ្រាវមួយ របស់សហរដ្ឋអាមេរិក បានរកឃើញថា យោធាចិន កំពុងមានសិទ្ធិផ្ដាច់មុខ ប្រើប្រាស់ផ្នែកខ្លះ នៃមូលដ្ឋានទ័ពរាម ហើយចិន ក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួន លើសពីមូលដ្ឋានទ័ពរាម” ។
ក្រោយឃើញបែបនេះ អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃ២១ ឧសភា បានទាត់ចោលថា “សូមប្រកាស ច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឲ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើង ដោយសារព័ត៌មានបរទេសមួយចំនួន នាថ្មីៗនេះ” ។

អ្នកនាំពាក្យបន្តថា រាជរដ្នាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយថា កម្ពុជាជាប្រទេសអព្យាក្រឹត ហើយរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតបរទេស ណាយកទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធាដាច់ខាត។
លោក ឈុំ សុជាតិ អះអាងថា ក្រោយការដាក់ ឲ្យដំណើរ ការប្រើប្រាស់កន្លងមក កម្ពុជាបានអនុញ្ញាត ឲ្យនាវាបរទេស ចូលមកសំចត ជាហូរហែនៅកំពង់ផែ សមុទ្ររាម ដែលក្នុងនោះមាន នាវាកងទ័ពជប៉ុន ត្រូវបានអនុញ្ញាត ចូលចតមុនគេបង្អស់ បន្ទាប់ពីកំពងផែសមុទ្ររាមត្រូវបានសម្ពោធជាផ្លូវការ បន្ទាប់មកមាននាវាកងទ័ពវៀតណាម នាវាចិនជាដើម។ ដោយពួកគេបានប្រើប្រាស់ កំពង់ផែសមុទ្ររាមដោយរីករាយ ដែលនេះជាភស្តុតាង ជាក់ស្តែងគ្រប់គ្រាន់អាចបញ្ជាក់ ពីការគ្រប់គ្រងប្រើប្រាស់ កំពង់ផែសមុទ្ររាមរបស់កម្ពុជា។

បើតាមលោក ឈុំ សុជាតិ ក្នុងឱកាសសម្ពោធដាក់ ឲ្យដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺន រួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍រាល់បណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចត នៅកំពង់ផែរាមកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។
លោកថា ប៉ុន្តែទោះជាយ៉ាងនេះក្តី រាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចត នៅកំពង់ផែរាម ត្រូវតែជូនដំណឹងមកកម្ពុជា ដែលជាម្ចាសផ្ទះជាមុន រួមទាំងនាវាកងទ័ព របស់ប្រទេសចិនផងដែរ ដែលសង្ឃឹមថា នៅថ្ងៃខាងមុខ នឹងមាននាវាកងទ័ព ប្រទេសជាមិត្តជាបន្តបន្ទាប់ទៀត នឹងចូលចតនៅកំពង់ផែរាមនេះ៕
