ព័ត៌មានជាតិ

កម្ពុជា និងសហភាពអារ៉ាប់រួម ពង្រឹងកិច្ចប្រតិបត្តិការ ដោយបន្តសន្ទុះ នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរដ្ឋទូត នៃសហភាពអារ៉ាប់រួមប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបន្តសន្ទុះនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនពីគម្រោងរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ច សហភាពអារ៉ាប់រួមមកកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសវិនិយោគ។

លោក ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ដែរថា នឹងមានការហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ រវាងប្រទេសទាំងពីរចាប់ពីខែមិថុនាខាងមុខទៅ។

លោក Aldhaheri បានលើកឡើងថា «យើងមើលមកប្រទេសកម្ពុជា យើងឃើញសក្តានុពល យើងឃើញការរីកចម្រើន។ សហភាពអារ៉ាប់រួមមានក្រុមហ៊ុនជំនាញ AI និងមជ្ឈមណ្ឌលទិន្នន័យទំនើប ហើយយើង នឹងនាំពួកគេមកកម្ពុជា យ៉ាងហោចណាស់ ក៏អាចចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹង AI ការបង្កើត App និង Software ផ្សេងៗ»៕

To Top