ព័ត៌មានជាតិ

រដ្ឋមន្ដ្រីការងារ ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រៀបបីដូចជាកូន ដែលបង្កើតដោយ សម្ដេចតេជោ ហ៊ុន សែន

ព្រះសីហនុ ៖ លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ប្រៀបបីដូចជាកូនដែលបង្កើតដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ព្រោះ សម្ដេចតេជោ បានអញ្ជើញមកបញ្ចុះបឋមសាលា នៅទីនេះដោយផ្ទាល់។

កាលពីឆ្នាំ២០០៨ ដីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាតំបន់មួយ ដែលមួយស្ងប់ស្ងាត់ និងមិនមានសកម្មភាព សេដ្ឋកិច្ចអ្វីនោះឡើយ។ ប៉ុន្តែក្រោយពេលបង្កើតទៅជាតំបន់សេដ្ឋកិច្ចពិសេសក្រោ មការគិតគូរដ៏ច្បាស់លាស់របស់ សម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតី ស៊ី ជិនពីង បានធ្វើឱ្យតំបន់នេះ ក្លាយជាទីតាំងដ៏មានសក្តានុពល សម្រាប់ការវិនិយោគ ហើយប្រែក្លាយជាតំបន់អ៊ូអរ ដោយសកម្មភាពកម្មករ និយោជិតយ៉ាងច្រើន។

នាឱកាសអញ្ជើញចូលរួមពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាល ជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោករដ្ឋមន្ដ្រី ហេង សួរ បានថ្លែងថា «ជារួមតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រៀបបីដូចជាកូន ដែលបង្កើតដោយ សម្ដេចតេជោ ហ៊ុន សែន ផ្ទាល់តែម្ដង ពីព្រោះ សម្ដេចតេជោ បានអញ្ជើញមកបញ្ចុះបឋមសាលា នៅទីនេះដោយផ្ទាល់ និងបានមកជួប សំណេះសំណាល់ជាមួយបងប្អូន កម្មករ និយោគជិត ជាច្រើនលើក នៅទីនេះ តាមរយៈបង្កើតតំបន់សេដ្ឋកិច្ច របស់សម្ដេចតេជោ បងប្អូនកម្មករជាង ៣ម៉ឺន បានការងារធ្វើ និងទទួលបានប្រាក់ខែសមរម្យ»។

សូមបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាសសរុប ជិត៣០០ បានចូលមកធ្វើសកម្មភាពអាជីវកម្ម ប៉ុន្តែក៏មានរោងចក្រ សហគ្រាស បានផ្អាកដំណើរការផងដែរ។ បច្ចុប្បន្នមានកម្មករ និយោជិតសរុបជាង ៣ម៉ឺននាក់ កំពុងធ្វើការ នៅតាមរោងចក្រ សហគ្រាសនានាក្នុងតំបន់ សេដ្ឋកិច្ចពិសេសនេះ ជាមួយប្រាក់ឈ្នួលមធ្យម ៣១១ដុល្លារ៕

To Top