ព័ត៌មានជាតិ

សម្តេចធិបតី៖ មិត្តចិន​គឺជាដៃគូពាណិជ្ជកម្ម​ដ៏ធំបំផុត និងជាប្រភពដ៏សំខាន់បំផុត នៃការវិនិយោគរបស់កម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បន្ទាប់ពីកសាងបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែងរវាងកម្ពុជា-ចិន មិត្តចិន​គឺជាដៃគូពាណិជ្ជកម្ម​ដ៏ធំបំផុត និងជាប្រភពដ៏សំខាន់បំផុត នៃការវិនិយោគ របស់កម្ពុជាមកដល់ពេលនេះ ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន២០០ និង សំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ប្រមាណ ៣២០០០ម៉ឺននាក់ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ យូរអង្វែងរបស់កម្ពុជា-ចិន ដែលមានការវិវត្តន៍ ចាប់ពីកិច្ចសហប្រតិបត្តិការ​ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ រហូតមកដល់​កិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នៅក្នុងយុគសម័យគ្រប់រដូវការ ក៏ជាកម្លាំងចលករដ៏សំខាន់បំផុត ដែលមិនអាចខ្វះបាន នៅក្នុងការជំរុញឱ្យទទួលបានសមទ្ធផល ភាពជោគជ័យ​តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងការរីកចម្រើនទូទាំងខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេស ។

បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងថា មិត្តចិនតែងតែជួយគាំទ្រដល់កម្ពុជា នៅគ្រប់កាលទេសៈ និងគ្រប់វិស័យ ខណៈដែលទំនាក់ទំនងកម្ពុជា-ចិន បានកសាងឡើង ដោយឈរលើមូលដ្ឋាន នៃទំនុកចិត្តផ្នែកនយោបាយ និងការគោរពគ្នាទៅវិញទៅមក​ ចំពោះឯករាជ្យភាព និងអធិបតេយ្យភាព និងបានបន្តរីកចម្រើនកាន់តែរឹងមាំឡើងៗ រហូតវិវត្តន៍ទៅជាមិត្តភាពដែកថែប ដែលត្រូវបានគាំទ្រដោយការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញ៉ាប់ រួមទាំងការប្រាស័យទាក់ទងគ្នាជាយុត្តិសាស្ត្រ ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅជំនួបក្នុងអំឡុង ទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងខែមេសា ឆ្នាំ២០២៥ សម្តេចផ្ទាល់និងប្រធានាធិបតីចិន មិនត្រឹមតែបានបញ្ជាក់ សារជាថ្មី អំពីការប្តេជ្ញាចិត្តឥតងាករេ ចំពោះទំនាក់ទំនង មិត្តភាពដែកថែប កម្ពុជា-ចិន ប៉ុណ្ណោះទេ ថែមទាំងបានពង្រឹង និងធ្វើ​​ឱ្យស៊ីជម្រៅថែមទៀត នូវភាពជាដៃគូ យុត្តិសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ រវាងប្រទេសទាំងពីរផងដែរ។

ក្នុងនោះសម្តេចធិបតី​ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “មិត្តចិន​គឺជាដៃគូពាណិជ្ជកម្ម​ដ៏ធំបំផុត និងជាប្រភពដ៏សំខាន់បំផុត នៃការវិនិយោគរបស់កម្ពុជា មកដល់ពេលនេះ ជំហររបស់កម្ពុជា ចំពោះមិត្តចិន គឺប្រកាន់ភ្ជាប់ឥតងាករេ ចំពោះនយោបាយចិនមួយ និងគាំទ្រ ការផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងគំនិតផ្តួចផ្តើមផ្សេងៗទៀត” ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី បានសម្តែង នូវការអរគុណ យ៉ាងជ្រាលជ្រៅ ដល់មិត្តចិន ចំពោះការគាំទ្រនិងការ ជ្រោមជ្រែងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុផងដែរ៕

To Top