ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហេង សួរ ៖ រោងចក្រកើនឡើង៥០៨៦ ក្នុងរយៈពេល២០ខែ ខណៈដែលប្រាក់ឈ្នួល សរុបរបស់កម្មករប្រចាំឆ្នាំ មានជិត៦ពាន់លានដុល្លារ

ព្រះសីហនុ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា ប្រាក់ឈ្នួលនៅកម្ពុជា មានការកើនឡើងជិត៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈរោងចក្រសហគ្រាស បានកើនឡើងពី៤០ ៣០០ ដល់៤៥ ៣៨៦សហគ្រាសនៅត្រឹមខែមេសា ឆ្នាំ២០២៥នេះ។

នេះគឺជាការគូសបញ្ជាក់ដែលលោករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបង ប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានគូសបញ្ជាក់ថា៖ “ក្នុងរយៈពេល ២០ខែ ចំនួនរោងចក្រ សហគ្រាស បានកើនពីចំនួន ៤០ ៣០០ ដល់ ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើនពីប្រមាណ ១,៦៥លាននាក់ ដល់ ប្រមាណ ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិតមធ្យមសរុប ប្រចាំឆ្នាំ ប្រមាណ ៥,៩ ប៊ីលានដុល្លារអាម៉េរិក។ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស សរុបចំនួន ១៦៥៧សហគ្រាស មានកម្មករនិយោជិតប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ប៊ីលានដុល្លារអាម៉េរិក”។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានបងប្អូនកម្មករនិយោជិតចូលរួមសរុបប្រមាណ៣,២ម៉ឺននាក់មកពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន៧៥១នាក់៕

To Top