ព័ត៌មានជាតិ

សម្តេចធិបតី៖ គ្រប់សកម្មភាព របស់រាជរដ្ឋាភិបាល គឺជាការថ្លែងអំណរគុណ ចំពោះការទុកចិត្ត របស់ប្រជាពលរដ្ឋ មកលើគណបក្ស ប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ​និងកម្មករកម្មការិនី មានជីវភាពកាន់តែល្អប្រសើរ ដែលនេះគឺជាការថ្លែងអំណរគុណ ចំពោះការផ្តល់ការទុកចិត្ត និងការផ្តល់ឱកាសឱ្យគណបក្សប្រជាជន​ បានដឹកនាំបម្រើប្រជាពលរដ្ឋ ច្រើនអាណត្តិមកនេះ ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន២០០ និងសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ប្រមាណ ៣២០០០ម៉ឺននាក់ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថាទោះបីកម្ពុជា ធ្លាប់ឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម មានតំបន់ជាច្រើន ជាតំបន់ស៊ីសាច់ហុតឈាមគ្នា តួយ៉ាងខេត្តព្រះសីហនុ ក៏ធ្លាប់រងនូវការបំផ្លិចបំផ្លាញ ពីភ្លើងសង្គ្រាមដែរ តែទោះជាយ៉ាងណា អតីតកាលជារឿងមួយ តែបច្ចុប្បន្នកាល​ ត្រូវសប្បាយរីករាយ ជាមួយអ្វីដែលបានឈាន មកដល់ពេលនេះ ហើយត្រូវរួមគ្នាដើម្បីកសាងសមិទ្ធផលបន្ថែមទៀត ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចាប់យកគ្រប់ដៃគូទាំងអស់ រួមទាំងលើកទឹកចិត្ត ការវិនិយោគ ក្នុងប្រទេស ចេញគោលនយោបាយថ្មីៗ ជូនប្រជាពលរដ្ឋ ជូនកម្មករកម្មការិនី ដើម្បីជាការថ្លែងអំណរគុណ ចំពោះការផ្តល់ការទុកចិត្ត របស់ប្រជាពលរដ្ឋ​ រួមទាំងបងប្អូនកម្មករកម្មការិនី នៅក្នុងការទុកចិត្ត និងការផ្តល់ឱកាស ឱ្យគណបក្សប្រជាជន​ បានដឹកនាំបម្រើប្រជាពលរដ្ឋ ច្រើនអាណត្តិមកនេះ ហើយជាពិសេស កាលពី២០២៣កន្លងទៅ បានបោះឆ្នោតភ្លូកទឹកភ្លូកដី ជូនគណបក្សប្រជាជន ដើម្បីបន្តបម្រើប្រជាជន បន្តទៅទៀត នេះគឺជាការពិត ។

បន្ថែមលើនេះ សម្តេចធិបតី ទទួលស្គាល់ថា គ្មានអ្វីល្អឥតខ្ចោះនោះទេ ខណៈដែលសម្តេចក៏ទទួលស្គាល់ថា មានចំណុចអវិជ្ជមានខ្លះ ប៉ុន្តែសម្តេចក៏ទទួលស្គាល់ថា មានចំណុចវិជ្ជមានជាច្រើន ដែលរាជរដ្ឋាភិបាលគ្រប់អាណត្តិមកនេះ បានធ្វើ ជាក់ស្តែង ៣ម៉ឺន៣ពាន់នាក់ មានការងារធ្វើនៅ តំបន់សេដ្ឋកិច្ចពិសេសនេះ​ មិនមែនកើតឡើង​ ដោយទេវតាជប់ឡើង នោះទេ គឺកើតឡើងដោយការដាក់ចេញ នូវគោលនយោបាយ រវាងសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ជាមួយថ្នាក់ដឹកនាំចិន ជ្រើសរើសទីតាំងនេះ កាលពីឆ្នាំ២០០៨ ជាតំបន់សេដ្ឋកិច្ចពិសេស ។

សម្តេចធិតី មានប្រសាសន៍ថា “យើងមាន​៣ម៉ឺននាក់ជាង មានការងារនៅទីនេះ មិនមែនកើតដោយសារចៃដន្យនោះទេ ដោយសារការខិតខំទោះបីគេជេរ គេដៀលថាទៅយកស្ពៃចោលស្អីៗក៏ដោយ តែយើងមិនឈឺក្បាល អ្វីដែលសំខាន់យើងឈឺក្បាល ឈឺក្បាលថាគឺបងប្អូនយើងរាប់ម៉ឺននាក់បានការងារល្អឬនៅ? បានបៀវត្សថែមតិចច្រើន យើងបន្តទៅទៀត មានការឈឺស្កាត់ មាន ប.ស.ស. មានការគាំពារឬទេ? ហើយទៅមុខយើងខិតខំពង្រីកថែមទៀត ឱ្យតំបន់នេះកាន់តែមានការងារច្រើន ជូនបងប្អូនខ្មែរយើង”៕

To Top