កំពង់ចាម ៖ ក្រោយការផ្ដួចផ្ដើម ពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមគាំទ្រចូលជាបច្ច័យ ពីថ្នាក់ដឹកនាំខេត្ត ជាច្រើនផងនោះ បានធ្វើឲ្យគម្រោងសាងសង់ព្រះវិហារថ្មី នៃវត្តសុទទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងក្រុងកំពង់ចាម ត្រូវបាន ប្រារព្ធពិធីបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង់នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២៥ នេះ។
ក្នុងពិធីបញ្ចុះបឋមសិលានេះផងដែរមានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក សួស ឡា ប្រធានសាលាដំបូងខេត្ត និងលោកស្រី ញូង ចរិយា ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ក្នុងឱកាសនោះថា ព្រះវិហារដ៏ធំស្គឹមស្កៃ ដែលត្រូវស្ថាបនានៅពេលនេះ គឺត្រូវចំណាយពេលវេលាយូរ និងថវិកាច្រើន និងចាត់ទុកជាសំណង់ប្រវត្តិសាស្ត្រ សម្រាប់ក្រុងកំពង់ចាម ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ព្រះវិហារថ្មីនេះត្រូវសាងសង់ពីរជាន់ មានលក្ខណៈប្លែក ប្រើប្រាស់ឲ្យត្រូវនឹង គោលដៅពហុបំណង នៃផ្នែកខាងក្រោម និងផ្នែកខាងលើ ដោយត្រូវរៀបចំនូវទីវត្តអារាមនេះ ឱ្យមានសោភ័ណភាពស្អាត ឱ្យសមស្របទៅហ្នឹង ជាទីសក្ការៈ សម្រាប់ប្រារព្ធពិធីបុណ្យផ្សេងៗ តាមប្រពៃណីរបស់ប្រជាពលរដ្ឋយើងផង និងរៀបចំឲ្យត្រូវតាមបែបទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិមកទស្សនាផងដែរ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ទីតាំងវត្តអារាមនេះ មានភូមិសាស្ត្រអំណោយផល ជាប់ដងទន្លេមេគង្គ ស្របជាមួយអាជ្ញាធរខេត្តកំពង់ចាម មានគម្រោងបង្កើតទេសចរណ៍ បែបនាវាចរណ៍ ដែលអាចបម្រើដល់ វិស័យទេសចរណ៍ ជាពិសេសភ្ញៀវបរទេស ដែលពួកគាត់អញ្ជើញ មកពីក្រៅប្រទេសតាមទន្លេមេគង្គ ចូលមកខេត្តកំពង់ចាម បន្ទាប់មកទើបធ្វើការបែងចែកបន្ត ដំណើរទៅតាមគោលដៅទេសចរណ៍ នានានៅក្នុងក្រុង ក៏ដូចជានៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមទាំងមូល ។
លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងនេះអាជ្ញាធរខេត្ត ក៏បានជំរុញនូវការរៀបចំក្រុង កំពង់ចាមឲ្យបានស្អាត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងរស់នៅប្រកប ដោយសុខដុមរមនា ដែលជាការលើកកម្ពស់គុណភាពជីវិត និងការរស់នៅប្រកប ដោយសុខសុភមង្គល ៕

