ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីរដ្ឋបាលឌីជីថល (E-Admin)ជំហានទី២ កម្មវិធី CHAKRA STEM APP នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ជាច្រើននាក់។
លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការរៀបចំមេផ្ទះឌីជីថលរបស់ក្រសួងបរិស្ថាន ដើម្បីពន្លឿនការចរាចរណ៍ឯកសាររដ្ឋបាល ឱ្យកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាពការងារខ្ពស់ សមស្របតាមគោលនយោបាយយុទ្ធសាស្រ្តអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ការដាក់ចេញរដ្ឋបាលឌីជីថល បាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អសេវាសាធារណៈ និងការដោះស្រាយបញ្ហាបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រវិស័យបរិស្ថាន មានមុំយុទ្ធសាស្រ្តស្នូល៣ គឺ រដ្ឋបាល បច្ចេកវិទ្យា និងផ្សព្វផ្សាយ ដែលជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព និងឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋមន្ត្រីបរិស្ថាន បានសង្កត់ធ្ងន់ថា ការជំរុញការធ្វើបរិវត្តកម្មឌីជីថល នៅគ្រប់វិស័យរបស់ក្រសួងបរិស្ថាននេះ គឺផ្តើមចេញពីមនុស្សទៅឌីជីថល ហើយឌីជីថលនឹងបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង ដោយសម្រួលការគ្រប់គ្រងឯកសារ និងលំហូរការងារ។ ធានាបានតម្លាភាព និងគណនេយ្យភាព ដោយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកត់ត្រារាល់សកម្មភាព។ ជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យ និងជាមជ្ឈមណ្ឌលកណ្តាល។ រួមទាំងការបង្កើតបរិយាកាសការងារបែបឌីជីថល ឆ្ពោះទៅរកស្ថាប័នទំនើប។
សូមបញ្ជាក់ថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីរដ្ឋបាលឌីជីថល បានប្រព្រឹត្តទៅជាមួយនឹងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដែលក្រសួងបរិស្ថានតំណាងដោយលោក ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការ STEM កម្ពុជា ដែលបានសហការ និងរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង ដោយចីរភាព តាមរយៈបេសកកម្ម ៣ចម្បងគឺ ១.បណ្តុះគំនិតសាធារណៈនិងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់បរិស្ថាន។ ២. Chakra STEM App ជាកម្មវិធីដែលបង្កើតដោយកូនខ្មែរ ហើយកម្មវិធីនេះ សម្រាប់កំណត់ចំណាំទីតាំងដាំកូនឈើ និងតាមដានការលូតលាស់របស់ដើមឈើ ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន។ និងទី៣. ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។
បើតាមលោកស្រី អ៊ាង និធិជ្ជនី ដឺណេ បានលើកឡើងថា អង្គការ STEM ត្រូវបានបង្កើតឡើងអស់រយៈពេល១៨ឆ្នាំកន្លងមកហើយ ដែលផ្តោតលើសសរស្តម្ភសំខាន់៤រួមមាន៖ ១)បច្ចេកវិទ្យា ២)វិស្វកម្ម ៣)វិទ្យាសាស្ត្រ និង៤)គណិតវិទ្យា។ យ៉ាងណាមិញការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ជួយដល់វិស័យបរិស្ថានគឺជាសកម្មភាពអាទិភាពរបស់STEM តាមរយះការបង្កើតកម្មវិធី CHAKRA STEM APP ។ លោកស្រីបន្ថែមថា កិច្ចសហប្រតិបត្តិការនាពេលនេះ ពិតជាមានអត្ថន័យយ៉ាងធំធេងក្នុងការជំរុញការអនុវត្ត «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសក្នុងការបង្កើន ភាពបៃតងរបស់ភពផែនដី និងជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងដំណើរផ្លូវឆ្ពោះ ទៅអនាគតរបស់អ្នកជំនាន់ក្រោយ។ កម្មវិធី CHAKRA STEM APP នឹងជួយសម្រួល និងផ្តល់ភាពងាយស្រួល ដល់ការតាមដាន និងជំរុញការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានប្រកបដោយប្រសិទ្ធភាព៕




