ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ចែករំលែកបទពិសោធ ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ» សហការរៀបចំដោយ ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោកប្រចាំនៅកម្ពុជា។ សិក្ខាសាលា រយៈពេលពេញមួយថ្ងៃ នៅសណ្ឋាគារសាំងគ្រីឡា រាជធានីភ្នំពេញ នេះទទួលបានការសហការឧបត្ថម្ភដោយរដ្ឋាភិបាលអូស្រ្តាលី និងសហភាពអឺរ៉ុប។

ជាកិច្ចចាប់ផ្តើមសិក្ខាសាលា លោក Derek Yip ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធ ដែលធ្វើឱ្យមានភាពជោគជ័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស គឺការវិភាគមុខងារ។ លោកទូត ក៏បានលើក៣ ចំណុចសំខាន់ៗ រួមមាន៖ ១)ត្រូវមានផែនការច្បាស់លាស់ ២)កត្តាផ្សេងៗបន្ថែមលើការងារបច្ចេកទេសឱ្យមានប្រសិទ្ធភាព និង ៣)ការប្រតិបត្តិ ប្រកបដោយប្រសិទ្ធភាព។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកនូវចំណេះដឹង ឧត្តមានុវត្តន៍អន្តរជាតិនៃការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ, ឆ្លុះបញ្ចាំងពីបទពិសោធ ក្នុងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស ថវិកា និងអភិក្រមការងារ, កំណត់នូវបញ្ហាប្រឈម និងការមូលមតិគ្នាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈសំខាន់ៗ, ដាក់ចេញ និងអនុវត្តនូវសកម្មភាពគន្លឹះនានា នៃការកែទម្រង់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ថ្លែងទៅកាន់អង្គសិក្ខាសាលា លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍ថា «បើទោះបីការកែទម្រង់រដ្ឋបាលសាធារណៈ របស់កម្ពុជាមិនមែនជារឿងថ្មី ប៉ុន្តែនៅក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដំណើរការនៃការកែទម្រង់ក្នុងនោះការវិភាគមុខងារ គឺយើងមានការគិតគូរច្បាស់លាស់ គណនាទាំងកត្តាប្រវត្តិសាស្រ្ត នយោបាយនិង កត្តាបច្ចេកទេស។មកទល់ពេលនេះ ក្រសួងមុខងារសាធារណៈ បានដំណើរការវិភាគមុខងាររយៈពេលមួយឆ្នាំពេញដោយភាពរលូន។ តាមរយៈការគិតគូរ និងការរៀបចំប្រតិបត្តិរបស់យើងគ្រប់ជ្រុងជ្រោយនេះបានធ្វើឱ្យការអនុវត្តការងារប្រព្រឹត្តទៅដោយរលូន។ ទាំងនេះ បានបង្ហាញពីសមត្ថភាពរបស់មន្រ្តីរាជការកម្ពុជាក្នុងការអនុវត្តការងារប្រកបដោយភាពហ្មត់ចត់»។

ទន្ទឹមនឹងការលើកឡើងខាងលើ លោកឧបនាយករដ្ឋមន្ត្រីបានរំលេចបន្ថែមទៀតថា ការវិភាគមុខងារ ដែលយើងបាន និងកំពុងអនុវត្តជាជំហានៗ គឺដើម្បីបង្កើនភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងកម្រិតអន្តរជាតិ, ការពារផលប្រយោជន៍ របស់កម្ពុជា និងចូលរួមកៀរគធនធានបន្ថែមឆ្ពោះទៅកាន់ទស្សនវិស័យកម្ពុជាឆ្នាំ២០៥០។

សូមជម្រាបថា សិក្ខាសាលានេះបានរៀបចំវេទិកាចែករំលែក «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ» របស់អ្នកជំនាញនៃធនាគារពិភពលោក, បទបង្ហាញស្តីពី «ស្ថានភាពបច្ចុប្បន្ន នៃការផ្តល់ សេវាសាធារណៈនៅតាមក្រសួង ស្ថាប័ន ចំនួន៥» និងកិច្ចពិភាក្សាលើទិសដៅអនុវត្ត ឆ្ពោះទៅកាន់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្តោតលើមុខងារគាំទ្រ៖ ការគ្រប់គ្រងធនធានមនុស្ស ថវិកា និងអភិក្រមការងារ៕

To Top