ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំមន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវពិនិត្យឱ្យបានច្បាស់លាស់ រាល់បន្លែផ្លែឈើ នាំចូលកម្ពុជា

តាកែវ ៖ ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយមន្រ្តីពាក់ព័ន្ធនានា ប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន នៅរសៀលថ្ងៃព្រហស្បត្ត៍ ទី ២២ ខែ ឧសភា ឆ្នាំ ២០២៥នេះ លោក វ៉ី សំណាង អភិបាល ខេត្តតាកែវ បានធ្វើការ ណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ ឱ្យបានជាដាច់ខាត ការនាំបន្លែផ្លែឈើ មានសារធាតុគីមី ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា តាមច្រកទ្វារភ្នំដិន ជាពិសេសផ្លែទូរេននៅប្រទេសវៀតណាម ដែលកំពុងតែមានបញ្ហា ប៉ះពាល់ដល់សុខភាព ។

លោក អភិបាលខេត្ត បានថ្លែងបន្តថា ច្រកទ្វាអន្តរជាតិភ្នំដិន គឺជាច្រកទ្វារដ៍ធំមួយ ដែលនាំទំនិញពីកម្ពុជា ទៅវៀតណាមនិងនាំទំនិញ ពីប្រទេសវៀតណាម ចូលមកកម្ពុជា យើងជាពិសេសបន្លែផ្លែឈើជាច្រើនបាននាំពីប្រទេសវៀតណាមចូល តាមច្រកនេះមកផ្គត់ផ្គង់ទីផ្សារប្រទេសកម្ពុជា។

លោក អភិបាលខេត្ត ថា «ដូច្នោះមន្រ្តីពាក់ព័ន្ធនានាប្រចាំការ នៅច្រកទ្វារភ្នំដិននេះ ត្រូវពិនឹត្យរកសាធាតុគីមីជាមុនសិន មុននឹងអនុញ្ញាតិ ឲ្យនាំបន្លែផ្លែឈើចូល បើរកឃើញមានសាធាតុគីមី នៅលើបន្លែផ្លែ ឈើប៉ះពាល់សុខភាពអ្នកទទួលទាន ត្រូវតែហាមឃាត់ដាច់ខាត មិនអោយនាំចូលមកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជា យើងនោះទេ ជាពិសេសផ្លែទូរេនរបស់ប្រទេសវៀតណាម គឺត្រូវហាមខាត់ដាច់មិនឲ្យនាំចូលតែម្ដង» ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់មន្រ្តីចត្តឡីស័ក្ដ ដែលប្រចាំ នៅ ច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើត្រួតពិនិត្យសុខភាព អ្នកដំណើរឆ្លងកាត់ចូលមកប្រទេសកម្ពុជា អោយបានច្បាស់លាស់ ព្រោះបច្ចុប្បន្នជំងឺកូវីដ១៩ កំពុងតែផ្ទុះឡើងសារជាថ្មី នៅប្រទេសក្បែរខាងយើង ហើយបើពិនិត្យរកឃើញភាព មិនប្រក្រតី ណាមួយត្រូវរាយការណ៍បន្ទាន់ ទៅថ្នាក់លើ ដើម្បីចាត់វិធានការទប់ស្កាត់ ឱ្យបានទាន់ពេលវេលា៕

To Top