ព័ត៌មានជាតិ

អគ្គនាយដ្ឋានពន្ធនាគារ ណែនាំមន្រ្តីបណ្តាពន្ធនាគារទាំងអស់ ត្រូវត្រៀមបង្ការគ្រោះទឹកជំនន់ នារដូវវស្សា

ភ្នំពេញ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំដល់មន្រ្តីបណ្តាពន្ធនាគារទាំងអស់ នារដូវវស្សានេះ ត្រូវត្រៀមបង្ការគ្រោះទឹកជំនន់ ជាពិសេស ពន្ធនាគារងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ការណែនាំរបស់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា របស់អគ្គនាយដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ ប្រធានពន្ធនាគាររាជធានី ខេត្ត។

ថ្លែងក្នុងកិច្ចប្រជុំ លោក អគ្គនាយក មានប្រសាសន៍ថា «សូមប្រុងប្រយ័ត្នសុខភាព និងមានវិធានការទប់ស្កាត់ការពារជំងឺផ្តាសសាយ (កូវីដ-១៩) ត្រឡប់មកវិញជាថ្មីមួយប្រភេទថ្មីឈ្មោះ JN.1 និងការឆ្លង បាក់តេរីអង់ត្រាក់ ឬជំងឺឈាមខ្មៅ លើសត្វ ពាហនៈ (ការបរិភោគសាច់គោ)»។

លោក អគ្គនាយក បន្ដថា «ផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដល់ប្រធាននាយកដ្ឋានជំនាញ និងប្រធានមណ្ឌលអប់រំកែប្រែពន្ធនាគាររាជធានី-ខេត្ត ត្រូវរៀបចំ និងកត់ត្រាចំពោះរាល់អ្នកចូលសួរសុខទុក្ខជនជាប់ឃុំទាំងអស់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងសូមឱ្យមន្រ្តីបណ្តាពន្ធនាគារទាំងអស់នារដូវវស្សានេះ ត្រូវត្រៀមបង្ការគ្រោះទឹកជំនន់ ជាពិសេស ពន្ធនាគារងាយរងគ្រោះដោយជំនន់ទឹកភ្លៀង»៕

To Top